ក្រុមហ៊ុន Vinci Airports និង SCA ស្នើចង់បង្កើតក្រុមហ៊ុនរួមជាមួយ OCIC លើការអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី

ក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលខុសត្រូវ និងគ្រប់គ្រងលើអាកាសយានដ្ឋានភ្នំពេញនាពេលបច្ចុប្បន្ន កាលពីពេលថ្មីៗនេះ បានស្នើចង់បង្កើតក្រុមហ៊ុនរួមគ្នាជាមួយ OCIC ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីតម្លៃវិនិយោគ ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល។

ការស្នើនេះធ្វើឡើងកាលពី ថ្ងែទី០៤ កុម្ភៈ កន្លងមកនេះក្នុងជំនួបរវាងតំណាងក្រុមហ៊ុនទាំង ៣ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយក្រុមVinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន។

កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនទាំង ៣ បង្ហាញពីមូលដ្ឋាន និងជំហររៀងៗខ្លួនឲ្យបានច្បាស់លាស់។

ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA បានបញ្ជាក់ថា ដោយខ្លួនជាក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រងអាកាសយានដ្ឋាននៅកម្ពុជាជាច្រើនឆ្នាំ ក្រុមហ៊ុនមានបំណងចង់សហការជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន ការសាងសង់រចនាសម្ព័ន្ធសំណង់ និងធ្វើអាជីវកម្ម។

លើសពីនេះ ក្រុមហ៊ុនទាំង២ បានបញ្ជាក់ថា បើអាច គឺនឹងពិភាក្សាគ្នាអំពីការបង្កើតក្រុមហ៊ុនរួមគ្នា រវាង OCIC និងSCA ដូចដែលក្រុមហ៊ុន SCA ធ្លាប់មានបទពិសោធន៍ជាមួយក្រុមហ៊ុន Mohibbah Engineering (Cambodia) Co., Ltd ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញបច្ចុប្បន្ន។

ដោយឡែក ក្រុមហ៊ុន OCIC បានបញ្ជាក់ថា ខ្លួនស្វាគមន៍ចំពោះការសហការជាមួយក្រុមហ៊ុន SCA ប៉ុន្ដែបានស្នើសុំឲ្យក្រុមហ៊ុន SCA ជួយរៀបចំកិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នាជាពិសេសមួយ ក្នុងលក្ខខណ្ឌកិច្ចសហប្រតិបត្ដិការ ដែលអាចទទួលយកបាន ហើយក្រុមហ៊ុន OCIC នឹងពិចារណាឡើងវិញទាក់ទងនឹងបញ្ហានេះ។

ក្រោយកិច្ចប្រជុំក្រុមហ៊ុន SCA យល់ព្រមរៀបចំសេចក្ដីព្រាង កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់គ្នាពិសេស ហើយនឹងដាក់ស្នើទៅកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យបានមុនថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុននេះ។

ជុំវិញការចរចានេះ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ បានទាក់ទងសុំការបញ្ជាក់ព័ត៌មានបន្ថែមពីតំណាង OCIC ប៉ុន្តែមិនទាន់ទទួលបានព័ត៌មានណាមួយអំពីការសម្រេចចិត្តលើសំណើរបស់ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA ពីតំណាង OCIC នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនឹងសាងសង់លើផ្ទៃដី ២.៦០០ហិកតា ហើយជាគម្រោងដែលធំលំដាប់ថ្នាក់ 4F ឬជាព្រលានយន្តហោះធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ (អានបន្ថែម)

ភាពធំធេងនៃគម្រោងនេះ បានធ្វើឲ្យមានអ្នកវិនិយោគ ឬក្រុមហ៊ុនជាច្រើនទាំងក្នុងនិងក្រៅស្រុកមកពីបណ្ដាលប្រទេសនានា ដូចជា ចិន បារាំង ជប៉ុន និងកូរ៉េជាដើម មានគោលបំណងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍគម្រោងនេះ ក្នុងផ្នែកណាមួយដូចជា ការសិក្សាគម្រោងប្លង់ ការសាងសង់ ឬ ប្រតិបត្តិការនៅពេលគម្រោងនេះសាងសង់ចប់ជាដើម។

មកដល់ពេលនេះ ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីមួយ បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។

លើសពីនេះ អាកាសយានដ្ឋាននេះ ក៏នឹងមានតំបន់សេដ្ឋកិច្ចលាតសន្ធឹងលើផ្ទៃដីជាង ១០០០ហិកតា និងមានអគារពាណិជ្ជកម្មក៏ដូចជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរ។ (អានបន្ថែម)

Photo: SSCA
Photo: SSCA
- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]