ក្រុមហ៊ុនOkuraដ៏ធំរបស់ជប៉ុនប្រកាសបើកសណ្ឋាគារដ៏ប្រណីតនៅតំបន់ទួលទំពូង
ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនកំពុងចាប់អារម្មណ៍លើទីផ្សារសណ្ឋាគារនៅកម្ពុជាបន្ថែមទៀតហើយតាមរយៈការប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតមួយទៀតនៅតំបន់ទួលទំពូងដែលបច្ចុប្បន្នកំពុងបង្ហាញខ្លួនបណ្តើរៗក្នុងវិស័យអចលនទ្រព្យ។
ក្រុមហ៊ុនOkura Nikko Hotel Managementដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនផ្តល់សេវាផ្នែកបដិសណ្ឋារកិច្ចដ៏ធំរបស់ជប៉ុនHotel Okuraបានប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតឈ្មោះថាHotel Nikko Phnom Penhនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមហ៊ុនOkura Nikko Hotel Managementគឺនឹងដាក់សម្ពោធឲ្យដំណើរការជាផ្លូវការសណ្ឋាគារខាងលើនៅឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅជាន់ខាងលើនៃមជ្ឈមណ្ឌលពាណិជ្ជកម្មជប៉ុនក្នុងតំបន់ទួលទំពូងដែលបច្ចុប្បន្នមជ្ឈមណ្ឌលនេះកំពុងដំណើរការសាងសង់។
លោក Marcel P. van Aelstប្រធានក្រុមហ៊ុនOkura Nikko Hotel Managementបានមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា៖«វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់យើងដែលអាចចូលរួមក្នុងគម្រោងនេះ[មជ្ឈមណ្ឌលពាណិជ្ជកម្មជប៉ុន]ដែលជាការផ្តួចផ្តើមមួយក្នុងការបង្ហាញបច្ចេកទេសសំណង់របស់ជប៉ុនមកដល់ប្រទេសកម្ពុជា។យើងមានបំណងបង្កើតសណ្ឋាគារមួយដែលនឹងដើរតួជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរព្រមទាំងផ្សារភ្ជាប់ជាមួយនឹងបដិសណ្ឋារកិច្ចដែលជាតំណាងរបស់ក្រុមហ៊ុនយើងហើយបានចាក់ឫសគល់ក្នុងវប្បធម៌ជប៉ុន»។
សណ្ឋាគារខាងលើគឺមានបន្ទប់ស្នាក់នៅចំនួន ២០១ បន្ទប់ដែលបន្ទប់នីមួយៗមានទំហំស្តង់ដារប្រមាណជា ៣៦ ម៉ែត្រការ៉េសម្រាប់ជាន់ទី ១៤ដល់ជាន់ទី២២នៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មជប៉ុន។
ជាងនេះទៅទៀត សណ្ឋាគារនេះគឺនឹងមានភោជនីយដ្ឋានដ៏សម្បូរបែបរួមទាំងអាហាជប៉ុននិងការបំរើសេវាកម្មម្ហូបអាហារពេញមួយថ្ងៃ។ ជាពិសេស សណ្ឋាគារនេះគឺនឹងមានskybarនៅលើជាន់ទី ២៣ សម្រាប់ឲ្យភ្ញៀវគយគន់ទេសភាពដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នក្រុមហ៊ុនOkura Nikko Hotel Managementគឺបាននិងកំពុងប្រតិបត្តិការអចលនទ្រព្យចំនួន ៧០កន្លែង នៅទូទាំងពិភពលោក។
អត្ថបទនេះត្រូវបានកែសម្រួលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្នុងកថាខណ្ឌទី៣ត្រង់ចំណុចកាលបរិច្ឆេទពីឆ្នាំ២០២០ទៅឆ្នាំ២០២២។
- Video Advertisement -