ខណ្ឌចំនួន ៥ នៅភ្នំពេញ លែងលិចលង់ទៀតហើយ ព្រោះប្រឡាយបឹងទំពន់ស្ដារចប់ ១០០%

ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ ១០០% ហើយ ក្រោយអនុវត្តការងារអស់រយៈពេល៤ខែ រួចមក។

ក្នុងប្រតិបត្តិការអនុវត្តការស្តារប្រឡាយនេះ សំរាម និងស្មៅបណ្តែតទឹក ត្រូវបានប្រមូលបានប្រមាណជាង ២ ៥០០រថយន្ត ឬស្មើ១២០៥០ម៉ែត្រគូប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៧ ខែកក្កដា។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បញ្ជាក់ថា ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលតភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់។

លោកបន្តថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុង ខណ្ឌចំការមន និងខណ្ឌ៧មករា។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏អំពាវនាវប្រជាពលរដ្ឋចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ និងកុំបោះសំរាមចូលក្នុងប្រឡាយទឹក ដែលនាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ។

- Video Advertisement -