ខុនដូ ៖ កត្តាពីរធំៗដែលត្រូវពិនិត្យមើលមុនពេលទិញ ឬលក់បន្ទប់ខុនដូ
មុនពេលសម្រេចចិត្តក្នុងការទិញបន្ទប់នៅក្នុងខុនដូមួយ អ្នកទិញត្រូវពិចារណាកត្តាជាច្រើនដូចជា ទីតាំងនៃខុនដូ លក្ខណៈ និងគុណភាពនៃសមា្ភរដែលប្រើ ទំហំ និងតម្លៃនៃបន្ទប់ខុនដូ អត្តសញ្ញាណ និងបទពិសោធន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគោលការណ៍ធានារ៉ាប់រងសំណង់។
កត្តាពីរផ្សេងទៀតដែលជាញឹកញាប់ត្រូវបានបំភ្លេចចោល ក៏ត្រូវតែពិនិត្យមើលផងដែរ ព្រោះថាវាមានឥទ្ធិពលសំខាន់ទៅលើតម្លៃនៃបន្ទប់ខុនដូ និងការស្វែងរកគុណភាពនៃជីវិតនៅក្នុងខុនដូ នោះគឺ បទបញ្ជាផ្ទៃក្នុង និងការគ្រប់គ្រងខុនដូ។
បទបញ្ជាផ្ទៃក្នុងគឺមានសារៈសំខាន់ ដូចនេះហើយវាជាកាតព្វកិច្ចតម្រូវចំពោះម្ចាស់បន្ទប់ខុនដូបច្ចុប្បន្ន និងអនាគតទាំងអស់។ បទបញ្ជាផ្ទៃក្នុងនេះកំណត់នូវវិធាននៃការរស់នៅក្នុងខុនដូ និងជាពិសេសការរៀបចំ និងការប្រព្រឹត្តទៅនៃខុនដូទាំងកម្រិតច្បាប់ និងការអនុវត្ត។
បទបញ្ជាផ្ទៃក្នុងនេះក៏កំណត់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់បន្ទប់ខុនដូ កំណត់ពីចំណែករួម និងចំណែកឯកជន កំណត់ពីលក្ខខណ្ឌនៃការប្រើប្រាស់ ការរៀបចំការគ្រប់គ្រងខុនដូ និងកំណត់ពីរបៀបនៃការចំណាយ ជាពិសេសទាក់ទងទៅនឹងការសម្អាត ថែទាំ និងជួសជុលកន្លែងរួម ដែលម្ចាស់បន្ទប់ខុនដូទាំងអស់ត្រូវរួមគ្នាចេញ។
រាជរដ្ឋាភិបាលកម្ពុជាបានយល់ពីសារៈសំខាន់នៃបទបញ្ជាផ្ទៃក្នុង ដូចនេះហើយខាងខុនដូត្រូវតែចេញនូវបទបញ្ជាផ្ទៃក្នុងនេះមុនពេលប្រកាសពីការលក់ ឬជួលចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដើម្បីឲ្យអ្នកទិញអាចពិនិត្យមើលមុនពេលសម្រេចចិត្តទិញបន្ទប់ខុនដូ។
សូចនាករនៃសារៈសំខាន់របស់បទបញ្ជាផ្ទៃក្នុងមួយទៀតនេះ គឺការណ៍ដែលការិយាល័យដីតម្រូវឲ្យមានបទបញ្ជាផ្ទៃក្នុងដើម្បីធ្វើការចុះបញ្ជីខុនដូ និងការចេញជូននូវបណ្ណកម្មសិទ្ធិសម្រាប់បន្ទប់ខុនដូនីមួយៗ។
ដូច្នេះ អ្នកអភិវឌ្ឍន៍ និងអ្នកទិញ មិនអាចមើលរំលងឯកសារនេះទេ ហើយវានឹងមានសុពលភាពក្នុងអំឡុងពេលពេញមួយជីវិតនៃខុនដូ ហើយនឹងត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាជាច្រើនដែលកើតមានរវាងម្ចាស់បន្ទប់ខុនដូ។ ដូច្នេះ វាជាការសំខាន់ដែលភាសានៃបទបញ្ជាផ្ទៃក្នុងនេះមានលក្ខណៈទូលំទូលាយ និងច្បាស់លាស់ ដើម្បីឲ្យមានដំណោះស្រាយប្រកបដោយមិត្តភាព និងប្រសិទ្ធិភាពចំពោះបញ្ហាដែលកើតឡើង។
អនុក្រឹត្យលេខ ១២៦ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ (“អនុក្រឹត្យលេខ១២៦”) បានបង្ហាញនៅក្នុងឧបសម្ព័ន្ធនូវគំរូបទបញ្ជាផ្ទៃក្នុងដែលមានលក្ខណៈសង្ខេប និងមិនបានគ្របដណ្តប់លើចំណុចជាច្រើនដូចជាការប្រើប្រាស់ចំណែករួម ការបង្កើតមូលនិធិយថាភាព សន្តិសុខនៃខុនដូ សិទ្ធិអំណាចនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រង ការកាន់កាប់ និងការសម្រេចចិត្តនៃកិច្ចប្រជុំទូទៅនៃម្ចាស់បន្ទប់ខុនដូជាដើម។
ជាវិបាក មានការផ្ដល់អនុសាសន៍ច្រើនដល់អ្នកអភិវឌ្ឍន៍ឲ្យស្នើសុំជំនួយពីអ្នកជំនាញវិជ្ជាជីវៈ (ជាពិសេសមេធាវី) ដើម្បីធ្វើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង ដើម្បីឲ្យមានឯកសារច្បាស់លាស់ និងទូលំទូលាយ។
លើសពីនេះទៀត មានការផ្តល់អនុសាសន៍ថា មុនពេលទិញ ឬលក់ខុនដូ ត្រូវគិតគូរពីការគ្រប់គ្រងខុនដូផងដែរ។
ជាការពិតណាស់ ការគ្រប់គ្រងបានត្រឹមត្រូវគឺសំខាន់សម្រាប់ប្រតិបត្ដិការល្អ និងមានប្រសិទ្ធិភាពនៃខុនដូដើម្បីកុំឲ្យមានប៉ះពាល់អវិជ្ជមានលើតម្លៃបន្ទប់ខុនដូ។
អនុក្រឹត្យលេខ ១២៦ បង្ហាញថា ខុនដូគួរមានក្រុមប្រឹក្សាភិបាលគ្រប់គ្រង ឬគណៈកម្មាធិការប្រតិបត្តិដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងខុនដូ ប៉ុន្តែអនុក្រឹត្យមិនបានបញ្ជាក់ពីពេលដែលគួរបង្កើតគណៈកម្មាធិការ ឬក្រុមប្រឹក្សាភិបាលនោះទេ ហើយក៏មិនបានបញ្ជាក់ថាតើពួកគេអាចធ្វើប្រតិភូកម្មអំណាចរបស់ខ្លួនដែរឬទេ។
ដូច្នេះម្ចាស់បន្ទប់ខុនដូមានសេរីភាពជ្រើសរើសរបៀបនៃការគ្រប់គ្រង និងរៀបចំវាឲ្យស្របតាមបទ ប្បញ្ញត្តិផ្ទៃក្នុង។
ជាទូទៅ មានជម្រើសពីរផ្តល់ឲ្យម្ចាស់បន្ទប់ខុនដូសម្រាប់ការគ្រប់គ្រងខុនដូរបស់ពួកគេ។ ពួកគេអាចសម្រេចបំពេញមុខងារគ្រប់គ្រងដោយខ្លួនឯង ឬតែងតាំងបុគ្គលទីបីឲ្យគ្រប់គ្រងអចលនទ្រព្យ ដែលនឹងនាំមកនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈរបស់គេដើម្បីបំពេញការងារ។
យើងបានឃើញនៅក្នុងទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី មានករណីនៃការគ្រប់គ្រងខុនដូមិនបានល្អជាច្រើន ដោយសារតែកង្វះលក្ខណៈសម្បត្តិ និងបទពិសោធន៍។ នៅក្នុងករណីទាំងនេះ អនាម័យ ការថែទាំ និងការជួសជុល និងការងារដែលចាំបាច់ទាំងអស់មិនត្រូវបានអនុវត្តទាន់ពេលវេលា។ ការណ៍នេះតែងនាំឲ្យមានភាពយ៉ាប់យឺន ឬការខូចខាត និងចុងក្រោយបង្កើនការចំណាយសម្រាប់ម្ចាស់ បើធៀបនឹងប្រាក់សរុបដែលគេបង់សម្រាប់ការថែទាំត្រឹមត្រូវ និងជួសជុលតាមពេលកំណត់។
យើងក៏មានការយល់ដឹងអំពីករណីជាច្រើនទៀត ដែលថ្លៃមិនត្រូវបានប្រមូលទាន់ពេលវេលា ឬមានកំហុសឆ្គងច្រើនលេចឡើងនៅក្នុងគណនេយ្យរបស់ខុនដូ ឬការអនុម័តថវិកាមិនបានត្រឹមត្រូវ ។
ឧទាហរណ៍នៃការគ្រប់គ្រងមិនបានល្អទាំងនេះ តែងនាំឲ្យមានការកើនឡើងក្នុងការចំណាយ និងភាពស្មុគស្មាញសម្រាប់ម្ចាស់បន្ទប់ខុនដូ ព្រមទាំងមានការធ្លាក់ចុះតម្លៃខុនដូ។
ដូច្នេះ មានការផ្ដល់អនុសាសន៍ឲ្យតែងតាំងមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រង ដែលមានបទពិសោធន៍ និងមានប្រព័ន្ធស្រាប់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ បញ្ហាច្បាប់និងបច្ចេកទេស ព្រមទាំងមានធនធាន និងទំនាក់ទំនងដើម្បីធានាថាខុនដូត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាព។
ជាសេចក្តីសន្និដ្ឋាន ការព្រាងបទបញ្ជាផ្ទៃក្នុង និងជម្រើសនៃការគ្រប់គ្រងត្រឹមត្រូវ គឺមានសារៈសំខាន់ដើម្បីរក្សាតម្លៃនៃខុនដូ និងធានាថាអគារដំណើរការដោយជោគជ័យ។ អគារខុនដូដែលមានគុណភាពខ្ពស់តែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេដើម្បីទាក់ទាញអ្នកទិញដែលមានគុណភាព និងការផ្តល់នូវគុណភាពជីវិតនៅក្នុងខុនដូ។ បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ និងទូលំទូលាយ ភ្ជាប់ជាមួយនឹងការគ្រប់គ្រងដែលមានគុណសម្បត្តិខ្ពស់ និងការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ នឹងទាក់ទាញវិនិយោគិន និងអ្នកជួល។
អំពីអ្នកនិពន្ធ
ING Sophealeak និង Charles Amar មេធាវីនៅការិយាល័យមេធាវី Bun & Associates ធ្វើការផ្ដល់ប្រឹក្សាដល់អតិថិជនក្នុងស្រុក និងបរទេស ដែលកំពុងស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយថ្មីៗក្នុងការដោះស្រាយប្រតិបត្តិការសំខាន់ៗ និងស្មុគស្មាញពាក់ព័ន្ធនឹងអចលនទ្រព្យដើម និងអចលនទ្រព្យដែលធ្វើការអភិវឌ្ឍន៍។ ការងាររបស់ពួកគេរួមមានការផ្តល់យោបល់លើបញ្ហាទាំងអស់ដែលទាក់ទងទៅនឹងការវិនិយោគលើអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ ការសាងសង់ និងការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមការងារផ្នែកអចលនទ្រព្យរបស់យើងក៏មានជំនាញ និងបទពិសោធក្នុងការផ្តល់យោបល់ដល់អតិថិជនលើបញ្ហាដែលទាក់ទងទៅនឹងសម្បទានដីសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម បរិស្ថាន និងការរុករករ៉ែផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងនៅ ៖ Bun & Associates
ផ្ទះលេខ ២៩ ផ្លូវ ២៩៤ ភ្នំពេញ ប្រទេសកម្ពុជា ប្រអប់សំបុត្រលេខ ២៣២៦
T: +855 23 999 567
F : +855 23 999 566
E: ing@bun-associates.com
amar@bun-associates.com
www.bun-associates.com
ការចុះផ្សាយនេះគឺសម្រាប់ជាព័ត៌មានប៉ុណ្ណោះ។ វាមិនមានបំណងបង្ហាញពីសមត្ថភាពយល់ដឹង និងមិនមានលក្ខណៈជាកាតព្វកិច្ចផ្លូវច្បាប់ និងមិនអាចយោងជាដំបូន្មានផ្នែកច្បាប់នោះទេ។ អ្នកត្រូវតែស្វែងរកដំបូន្មានជាក់លាក់តម្រូវតាមតាមកាលៈទេសៈរបស់អ្នក។
រាល់ការប្រើប្រាស់ព័ត៌មានដែលមានក្នុងអត្ថបទនេះ ឬការទទួលយកអត្ថបទនេះ មិនមានបំណងបង្កើត ឬមិនបង្កើតនូវទំនាក់ទំនងមេធាវី និងកូនក្តី រវាងអ្នក និងការិយាល័យមេធាវី Bun & Associates នោះទេ។ លើកលែងតែមានការចង្អុលបង្ហាញផ្សេង ការិយាល័យមេធាវី Bun & Associates ជាម្ចាស់កម្មសិទ្ធិនៃអត្ថបទនេះ។ ប្រសិនបើអ្នកផលិតឡើងវិញ ឬប្រើអត្ថបទនេះ ឬផ្នែកណាមួយនៃអត្ថបទនៅក្នុងផ្លូវណាមួយនោះ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់តាមការចាំបាច់ ។
- Video Advertisement -