ខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ

ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​វិនិយោគសរុប​ ១០ ពាន់​លាន​ដុល្លារអាមេរិក ​លើ​វិស័យ​សេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី ១០ មិថុនា​ ២០២០នេះ។

បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។​ ក្នុង​នោះ​ ​​គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និង​សណ្ឋាគារ មានចំនួន ៦០ គម្រោង ដែល​មាន​ចំនួន​ទុនវិនិយោគសរុប ១០ ពាន់​លាន​ដុល្លារអាមេរិក។

ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ​ការពង្រីក​សក្តានុពលក្នុង​ខេត្ត ​ ធ្វើឡើងក្នុង​គោល​ដៅ​​ចង់ទាក់ទាញ​អ្ន​កវិនិយោគ និង​អ្នក​ទេសចរមកកាន់​ខេត្ត​នេះ។

ឯកឧត្តម បាន​មានប្រសាសន៍ថា៖ «កាល​ពីមុន​នេះ​ គឺ​នៅ​កម្ពុជា​យើង​ ពិត​ជា​ខ្សត់​ណាស់​នូវ​អ្នកវិនិយោគ និង​អ្ន​កទេសចរ។ អញ្ចឹង​ហើយ​យើង​ខំប្រឹង​ ធ្វើការ​អំពាវនាវឲ្យ​គេ​មក ព្រោះ​សេដ្ឋកិច្ច​គឺ​ជា​​ការ​ផ្សារភ្ជាប់ជាមួយ​ផ្នែកទេសចរ​។ យើង​ក៏ដឹង​ថា​ ចិន​ជា​មហាអំណាច​ទី​២ នៅលើ​ពិភព​លោក។ នៅក្នុង​អាស៊ី​ ចិនជា​ប្រទេស ​ដែល​ធំជាង​គេ ជាប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ជាងគេ​ មាន​លុយ​ច្រើន​ជាង​គេ។ វា​ជា​គោល​ដៅ​មិន​ថា​កម្ពុជា​ ឬ​ក៏ប្រទេសណា​ទេ​ គឺ​យើង​តែង​ចង់បាន​វិនិយោគ និង​ទេសចរមក​ពីប្រទេសហ្នឹង​។»​

គួរបញ្ជាក់ផង​ដែរថា កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០២០​កន្លង​ទៅ រដ្ឋបាលខេត្តព្រះសីហនុ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ​ និង​ជា​ការ​លើក​កម្ពស់​វិស័យ​ទេសចរ​ផង​ដែរ៕
(អានបន្ថែម​)

- Video Advertisement -