គន្លឹះ ៣ ដែលធ្វើឱ្យការគ្រប់គ្រងគម្រោងសំណង់កាន់តែមានប្រសិទ្ធភាព
ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនានាទូទាំងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ដូចជាតម្រូវការកើនឡើង ហេដ្ឋារចនាសម្ព័ន្ធចាស់ និងកង្វះកម្លាំងពលកម្ម។ វេទិកាមួយដែលរៀបចំឡើងថ្មីៗនេះដោយក្រុមហ៊ុន Bentley Systems នៅក្នុងសន្និសីទ Year in Infrastructure របស់ខ្លួន ក្រោមប្រធានបទ “Wired for the Future: AI, Automation, and the Next-Gen Grid” បានគូសបញ្ជាក់ពីរបៀបដែលអ្នកដឹកនាំឧស្សាហកម្មកំពុងដោះស្រាយបញ្ហាទាំងនេះដោយប្រើប្រាស់បច្ចេកវិទ្យា។
វាគ្មិនដែលរួមមានទាំងនាយកប្រតិបត្តិមកពីក្រុមហ៊ុន Georgia Power, Eurelectric, និង Burns & McDonnell បានសង្កត់ធ្ងន់លើគន្លឹះសំខាន់ៗ ៣ ចំណុច គឺ ការប្រើប្រាស់ AI ការធ្វើស្វ័យប្រវត្តិកម្ម និងការប្រើប្រព័ន្ធលំហូរកិច្ចសហការរួមមួយ។
ពួកគេពន្យល់ថា ជាដំបូង ការចេះយក AI មកប្រើប្រាស់ដើម្បីគ្រប់គ្រងគម្រោងគឺជាចំណុចចាប់ផ្ដើមសំខាន់ ពិសេសទាក់ទងនឹងការប្រមូល និងវិភាគទិន្នន័យទាក់ទងនឹងកំហូចនានា។
ការប្រើ AI នឹងជួយឱ្យកាត់បន្ថយការងារមនុស្សក្នុងការចុះទៅពិនិត្យការងារជាក់ស្ដែង។ ទិន្នន័យដែលបានពីឧបករណ៍ចាប់សញ្ញា និងDrone គឺច្រើនណាស់ ដែលពិបាកក្នុងការប្រើមនុស្សវិភាគ ដូច្នេះ AI គឺជាជំនួយសំខាន់។ យ៉ាងណាមិញ អ្វីដែលត្រូវប្រុងប្រយ័ត្នគឺភាពសុក្រិត និងភាពត្រឹមត្រូវនៃលទ្ធភាពវិភាគរបស់ AI។ ដូច្នេះហើយ អ្វីដែលយើងកំពុងធ្វើគឺបង្រៀន AI ឱ្យកាន់តែចេះច្បាស់ជាងមុន។
ចំណុចមួយទៀតដែលវាគ្មិនបានបង្ហាញគឺ ក្រោយពីបានការវិភាគពី AI អ្វីដែលអាចធ្វើបានគឺ ការដោះស្រាយបញ្ហាដោយប្រើការធ្វើស្វ័យប្រវត្តិកម្ម។ ជាជាងការបញ្ជូនមនុស្សទៅដោះស្រាយបញ្ហាផ្ទាល់ ការប្រើកម្មវិធីឌីជីថលនានាដើម្បីធ្វើស្វ័យប្រវត្តិកម្មគឺជាការងារដែលក្រុមហ៊ុននានាលើសកលលោកកំពុងធ្វើការស្រាវជ្រាវ និងអនុវត្ត។
ចំណុចចុងក្រោយ គឺកិច្ចសហប្រតិបត្តិការដែលល្អ។ នេះមានន័យថាគ្រប់ផ្នែកការងារ ទាំងឯកជន និងរដ្ឋ គួរដែលមានប្រព័ន្ធទិន្នន័យរួមមួយ ដើម្បីឱ្យការងារធ្វើទៅដោយរលូន។ ឧទាហរណ៍មួយដូច ពេលត្រូវធ្វើការខ្សែភ្លើងទៅក្រោមដី ក្រុមការងារត្រូវគាស់ផ្លូវដែលទើបតែធ្វើរួចថ្មីៗ ដែលនេះគឺជាការខាតទាំងពេល និងថវិកា។ បញ្ហានេះកើតឡើងដោយសារតែក្រុមការងារទាំង២ មិនបានសហការគ្នា និងមិនចែករំលែកទិន្នន័យគ្នា។ ដូច្នេះ ដើម្បីឱ្យគ្រប់យ៉ាងធ្វើទៅបានដោយរលូន គឺគួរតែមានប្រព័ន្ធចែករំលែកទិន្នន័យរួមមួយ។
វាគ្មិនក៏បានអំពាវឱ្យក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនវិស្វកម្ម និងនិយតករ ប្រើ កិច្ចសហការឌីជីថល សម្រាប់ការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីបង្កើតបណ្តាញអគ្គិសនីដែលធន់ជាងមុន និងត្រៀមសម្រាប់អនាគត។
- Video Advertisement -