គម្រោងការពារច្រាំងទន្លេមេគង្គនៅខេត្តកំពង់ចាម ប្រវែង៧០០ម៉ែត្រ សម្រេចបាន ១០០% ហើយ

គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម ប្រវែង៧០០ម៉ែត្រ (ជំហានទី២) បានសម្រេចការសាងសង់បាន១០០% ហើយ ខណៈភាគីពាក់ព័ន្ធបានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួលរួចរាល់ផងដែរ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងដំណើរចុះពិនិត្យគម្រោងផ្ទាល់ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការក្រសួងធនធានទឹក បានឱ្យដឹងថា គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង៧០០ម៉ែត្រ (ជំហានទី២) សម្រេចបាន១០០% មានទីតាំងស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តមបន្តថា ក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវល្អទៅតាមលក្ខណ:បច្ចេកទេស ជាមួយនឹងការប្រើប្រាស់បច្ចេកទេសបាវខ្សាច់ (Geotextile Bags) ប្រកបដោយគុណភាព រួមទាំងសោភ័ណភាព ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃសំណង់ សម្រាប់ផ្តល់គុណតម្លៃដល់សាធារណជន។

គួររំឭកថា ច្រាំងទន្លេមេគង្គនៅចំណុចក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីខែតុលា ឆ្នាំ២០២៤ គឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ៕ (អានបន្ថែម)

- Video Advertisement -