គម្រោងផ្សារទំនើបជីបម៉ុងទាំង ៤ តម្លៃជិត ៥០០លានដុល្លារបន្តដោយរលូន គ្រោងបញ្ចប់តាមកាលកំណត់
គម្រោងសាងសង់ផ្សារទំនើបធំ ៗ ចំនួន ៤ របស់ក្រុមហ៊ុនជីប ម៉ុង បន្តការដ្ឋានដោយរលូន ដោយគ្រោងនឹងបញ្ចប់ដូចដែលបានគ្រោងទុក ពោលនៅឆ្នាំ ២០២១ និង ២០២២ បើទោះជាពិភពលោកកំពុងជួបប្រទះវិបត្តិកូវីដក្ដី។
ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក Arnaud Dufresne បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា ក្រៅពីផ្សារទំនើបចំនួន ២ ដែលកំពុងដាក់ដំណើរការ ក្រុមហ៊ុនកំពុងបន្តសាងសង់គម្រោងចំនួន ៤ បន្ថែមទៀត ដែលកំពុងសម្រុកការដ្ឋាន។
លោកបានឱ្យដឹងថា៖ «សព្វថ្ងៃនេះ យើងមានផ្សារទំនើបចំនួន ២ គឺ ផ្សារជីបម៉ុងណូរ៉ូម៉ល និងផ្សារជីបម៉ុងបាក់ទូក។ ក្រៅពីនេះ យើងមានគម្រោងចំនួន ៤ ទៀត ដែលកំពុងសាងសង់ ដោយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២១ និង ២០២២»។
«គម្រោងទី ១ គឺ ជីបម៉ុងសែនសុខ ដែលនឹងបើកដំណើរការនៅត្រីមាសទី ១ ឆ្នាំ ២០២១។ មួយទៀតគឺ ជីប ម៉ុងផ្លូវ៥៩៨ គ្រោងនឹងបើកនៅចុងឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ គម្រោង ជីបម៉ុង ម៉េហ្គាម៉ល នៅផ្លូវ២៧១ គ្រោងនឹងបើកនៅឆ្នាំ ២០២២ ហើយផ្សារទំនើបក្នុងគម្រោង Chip Mong Tower នៅផ្លូវសហព័ន្ធរុស្សី ក៏គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២២ ផងដែរ»។
លើសពីនេះទៅទៀត ក្រុមហ៊ុន ជីបម៉ុងរីថែល បច្ចុប្បន្នកំពុងសហការជាមួយ ជីប ម៉ុងលែន ដើម្បីសាងសង់គម្រោងផ្សារទំនើបជាច្រើនទៀត ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរចនានៅឡើយ។
លោក Arnaud បានមានប្រសាសន៍ថា៖ «តាមពិតទៅ រាល់ពេលដែលជីបម៉ុងលែន អភិវឌ្ឍលើគម្រោងលំនៅដ្ឋាននីមួយៗ យើងតែងតែអភិវឌ្ឍផ្សារសហគមន៍រួមគ្នានៅទីនោះ ដើម្បីបង្កើតភាពងាយស្រួលក្នុងបុរី»។
បច្ចុប្បន្ន ក្រុមហ៊ុនជីបម៉ុងរីថែល កំពុងដំណើរការផ្សារចំនួន ២ នៅរាជធានីដែលផ្គត់ផ្គង់ផ្ទៃក្រឡាទីផ្សារRetail ប្រមាណ ១៨ ០០០ ម៉ែត្រការ៉េ។ ក្រោយបញ្ចប់គម្រោង ចំនួន ៤ ក្រុមហ៊ុនជីបម៉ុងរីថែល នឹងបន្ថែមផ្ទៃក្រឡាផ្គត់ផ្គង់ជាង ២១០ ០០០ ម៉ែត្រការ៉េទៀតទៅក្នុងទីផ្សារ ដែលជាគោលដៅរយៈពេលវែងក្នុងការក្ដោបក្ដាប់ទីផ្សារនេះ។
លោកបានបន្តថា៖ «យើងកំពុងវិនិយោគលើគម្រោងយ៉ាងច្រើន ពោលគឺវិនិយោគក្នុងតម្លៃប្រមាណ ៥០០ លានដុល្លារអាមេរិក នៅក្នុងអាជីវកម្មផ្សារទំនើបនេះ។ យើងមើលឃើញសក្តានុពលដ៏អស្ចារ្យនៅក្នុងទីផ្សារនេះ។ គម្រោងផ្សារទំនើបទាំងនេះ គឺជាសារវិជ្ជមាន ទាក់ទាញវិនិយោគអន្តរជាតិកាន់តែច្រើន»។
«សម្រាប់ប្រទេសកម្ពុជា អតិថិជ ដែលមានចំណូលមធ្យមបន្តកើនឡើង ដែលនេះគឺជាឱកាសដ៏ធំមួយសម្រាប់យើងក្នុងការអភិវឌ្ឍអាជីវកម្មផ្សារទំនើបនេះ»។
- Video Advertisement -