គម្រោងពង្រីកកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំគ្រោងនឹងបញ្ចប់នៅខែមីនានេះ
គម្រោងពង្រីក និង កែលម្អផ្លូវជុំវិញអង្គរធំ មានចំនួន២ កំណាត់ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី ក្រោមកិច្ចប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ ដែលនេះជាសម្មិទ្ធិផលថ្មីមួយទៀតសម្រាប់ការពង្រឹងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា គម្រោងកែលម្អផ្លូវនេះមានប្រវែងសរុប ២៤៧៦ ម៉ែត្រ បែងចែកជា ២ដំណាក់កាល និង ២កំណាត់ ដោយកំណាត់ទី១ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ដែលមានប្រវែង ១០៧៦ម៉ែត្រ និងកំណាត់ទី២ ពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ១៤០០ម៉ែត្រ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការពង្រីកផ្លូវនេះគឺ មានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង។
គួរបញ្ជាក់ថា គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមករាកន្លងមកនេះ ដែលបច្ចុប្បន្នសហគ្រាសរាជសីដែលជាក្រុមហ៊ុនទទួលបន្ទុកអនុវត្តលើគម្រោងនេះ បានបញ្ចប់ការងារអ៊ុតបេតុងកៅស៊ូរួចរាល់ហើយចំពោះកំណាត់ទី១ ពោលគឺពីប្រាសាទប្រែរូបមកស្រះស្រង់ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ គឺដើម្បីឱ្យផ្លូវមានសោភ័ណភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។




