គម្រោងវារីវប្បកម្មនិងតំបន់ទេសចរណ៍ដ៏ធំគ្រោងនឹងបង្ហាញខ្លួននៅស្រុកព្រៃឈរខេត្តកំពង់ចាម
ក្រុមហ៊ុនឯកជន ផារ័ត្នរតនៈ កាលពីថ្មីៗនេះ បានទទួលសិទ្ធិវិនិយោគសាងសង់គម្រោងវារីវប្បកម្ម និងតំបន់ទេសចរណ៍បែបធម្មជាតិថ្មីមួយកន្លែង លើផ្ទៃដីជាង ៧ហិចតា នៅទំនប់ចកបឹងធំ ក្នុងភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ។ នេះបើយោងតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី ២៥ ខែកុម្ភៈ កន្លងមកនេះ។
គម្រោងដ៏ធំនេះ ចែកចេញជា៤ ផ្នែក ដោយ ៣ ផ្នែកទាក់ទិននឹងការងារវារីវប្បកម្ម រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជំរុញការផលិតពូជត្រី ការបង្កើតទីតាំងចញ្ចឹមត្រីដែលមានស្ដង់ការ និងការសាងសង់មន្ទីរពិសោធន៍ អគាររដ្ឋបាល ក៏ដូចជារោងចក្រផលិតចំណីត្រី។
ដោយឡែក ផ្នែកទី៤ គឺដើម្បីជំរុញវិស័យទេសចរណ៍ ដោយនឹងសាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសួនផ្កាត្រូពិចបែបប្លែកថ្មីក្នុងតំបន់។
លោកឧកញ៉ា ពាង ផារ័ត្ន តំណាងក្រុមហ៊ុនផារ័ត្នរតនៈ បានឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាន មកធ្វើវារីវប្បកម្មបែបទំនើបវិញ។
លើសពីនេះ គម្រោងក៏នឹងជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ តាមរយៈការប្រមូលទិញផលិតផលដែលប្រជាពលរដ្ឋរកបានផងដែរ។

