គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាការទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហេតុអ្វី?

ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប៉ាន់ប្រមាណ ១៥% ទៅ ២០%។ ទោះជាយ៉ាងណា តម្លៃដីធ្លីក៏ដូចជាផ្ទះសម្បែងជាមធ្យមគឺនៅមានលំនឹង ពោលគឺមិនធ្លាក់ចុះយ៉ាងគំហុកដូចប្រទេសជិតខាងទេ។

ជាក់ស្ដែង មានកត្តាជាច្រើនដែលជួយរក្សាលំនឹងនៃទីផ្សារអចលនទ្រព្យ តែក្នុងនោះ សេដ្ឋកិច្ចវិទូបរទេសសង្កត់ធ្ងន់ថា ការបន្តវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល គឺជាវិធីសាស្រ្តមួយដ៏សំខាន់បំផុត។ តើហេតុអ្វី?

លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា ដីឡើងថ្លៃភាគច្រើនគឺដោយសារទីតាំងនៅជិតគម្រោងអភិវឌ្ឍន៍ធំៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។ ដូច្នេះ បើរដ្ឋាភិបាលនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងនានា ដីក៏មិនធ្លាក់ថ្លៃដែរ។

លោកបានបន្តទៀតថា៖ «កាលណារាជរដ្ឋាភិបាល ចាក់លុយសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែច្រើន វានឹងធ្វើឱ្យចរន្តនៃការទិញអចលនទ្រព្យកាន់មានភាពមមាញឹក។ បើមានការទិញលក់ច្រើន វានឹងជួយទប់តម្លៃដែលរំពឹងថានឹងធ្លាក់ ឱ្យនៅនឹងវិញ»។

«ឧទាហរណ៍ ដូចនៅកំពង់សោម រដ្ឋាភិបាលធ្វើផ្លូវ ៣៤ ខ្សែ នៅសៀមរាបធ្វើផ្លូវ ៣៨ ខ្សែ មើលទៅដីគ្មានធ្លាក់ថ្លៃឯណា។ នៅកំពង់ស្ពឺរដ្ឋាភិបាលគ្រោងធ្វើកៅស៊ូ ១៤ ខ្សែតភ្ជាប់ក្រុងច្បារមនទៅផ្លូវ ៤៤ ផ្លូវ៤១ និង៥១ ដីក៏អត់ធ្លាក់ថ្លៃទេ។ ឆ្នាំមុន ទិញ១ ការ៉េ ២,៥ ដុល្លារ ឥឡូវ ៥ ដុល្លារទិញអត់បានទេ ឃើញតាថ្នល់កៅស៊ូភ្លាម ដីឡើងដីភ្លែត»។

ក្រៅពីគម្រោង ដែលលោកបានរៀបរាប់ ក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលក៏បានបើកការដ្ឋាសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ២ និងលេខ២២ ផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅ កោះកុង និងស្ពានខ្សែកាបជាតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាជាដើម។ (អានបន្ថែម)

លើសពីនេះ បើវិភាគតាមទ្រឹស្ដីម៉ាក្រូសេដ្ឋកិច្ច ការចំណាយរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធ គឺជាវិធីសាស្រ្តក៏វៃឆ្លាតមួយក្នុងការជំរុញកំណើន GDP ឬសេដ្ឋកិច្ចក្នុងស្រុកជារួម។ និយាយឱ្យងាយយល់ ពេលមានគម្រោងអភិវឌ្ឍន៍ នឹងមានចរន្តលុយហូរ និងជួយបង្កើតការងារ ដែលជាកត្តាជួយជំរុញសេដ្ឋកិច្ច។ ដូច្នេះបើសេដ្ឋកិច្ចដើរ វិស័យអចលនទ្រព្យក៏ឡើងតាមដែរ។

ជាក់ស្ដែង មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF ធ្លាប់បានលើកឡើងថា កម្ពុជាគួរបង្កើនចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈឲ្យបានប្រមាណជា ០,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP ទើបជាកត្តាល្អសម្រាប់សេដ្ឋកិច្ច។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]