គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុគ្រោងចំណាយថវិកា១០០លានដុល្លារ
ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក និងប្រព័ន្ធចម្រោះទឹកកង្វក់នៅក្រុងព្រះសីហនុ ថិវកាចំនួនប្រមាណជា១០០ដុល្លារអាមេរិក ត្រូវបានត្រៀមដើម្បីចំណាយលើកការងារស្តារ ហើយការបើកការដ្ឋាននឹងចាប់ផ្តើមនៅចុងខែសីហានេះ។
ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការងារស្តារហេដ្ឋារចនាសម្ព័ន្ធជារូបវន្តនៅខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រោងបើកការដ្ឋាននៅថ្ងៃទី២១ ឬ២២ សីហានេះ។
ឯកឧត្តម វ៉ាស៊ីម សុរិយា មានប្រសាសន៍ថា៖ «តាមរយៈប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្រ្តី ថវិកាជិត១០០លានដុល្លារគ្រោងចំណាយជួសជុលផ្លូវថ្នល់ ប្រឡាញបង្ហូរទឹក នៅព្រះសីហនុៗ»។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យ មិនអាចបញ្ជាក់ថា ថវិកានេះ ជាថវិការបស់ក្រសួងសាធារណការ ឬរដ្ឋបាលថ្នាក់ខេត្តព្រះសីហនុឡើយ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងមានសន្ទុះខ្លាំងលើការវិនិយោគ ដែលភាគច្រើនវិនិយោគដោយជនជាតិ ចិន។ ស្របពេលដែលការវិនិយោគកើនឡើងយ៉ាងគំហុកនេះ ដែលបានប្រែមុខមាត់ថ្មីសម្រាប់ខេត្តឆ្នេរសមុទ្រមួយនេះ តែក៏មានការរិះគន់របស់មតិសាធារណៈ លើកការគ្រប់គ្រងនគររូបនីយកម្ម ដូចជា ផ្លូវខ្នល់រងការខូចខាត ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រមុនឆ្លងកាត់ការចម្រោះជាដើម។
បន្ថែមពីលើនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចក្រុងព្រះសីហនុ ចាប់តាំងពីសប្តាហ៍មុនមក ទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក មានការកើនច្រើន៕

