គម្រោង The Peak អាចនឹងសាងសង់បន្ត បន្ទាប់ពីដោះស្រាយបញ្ហាចម្រូងចម្រាស់ជាច្រើនខែមក

គម្រោងសាងសង់អគារដ៏ខ្ពស់ស្កឹមស្កៃកម្ពស់ ៥៥ ជាន់ ដែលមានឈ្មោះថា «The Peak» ដែលជាគម្រោងរបស់ក្រុមហ៊ុនអកស៍ឡី ជេម (Oxley Gem) អាចនឹងបន្តគម្រោងសាងសង់ក្នុងពេលឆាប់ៗនេះ ខណៈដែលគម្រោងនេះបានផ្អាកការសាងសង់មួយរយៈដោយសារតែមានបញ្ហាដ៏ចម្រូងចម្រាស់ជាមួយក្រុមហ៊ុនវិស្វកម្ម Sino Great Wall International Engineering Co., Ltd.។

កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុន អកស៍ឡី ជេម បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (SGW) ដោយឱ្យក្រុមហ៊ុន SGW ធ្វើជាអ្នកម៉ៅការសាងសង់គម្រោង«The Peak»នេះ។

យោងតាមការអះអាងរបស់ក្រុមហ៊ុនអកស៍ឡី ក្នុងកំឡុងពេលនៃកិច្ចសន្យា ក្រុមហ៊ុន SGW មិនមានការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ជាហេតុនាំឱ្យការសាងសង់គម្រោងជួបប្រទះការលំបាក និងមានភាពយឺតយ៉ាវជាខ្លាំង។

ដោយមើលឃើញពីភាពយឺតយ៉ាវ និងអសមត្ថភាពក្នុងការសាងសង់គម្រោងឲ្យទាន់ពេលវេលា ក្រុមហ៊ុន អកស៍ឡី ជេម បានសម្រេចចិត្តរំលាយកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុន SGW នា ខែតុលា ឆ្នាំ២០១៩។

នៅខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនអកស៍ឡី ជេម (Oxley Gem) បានប្រកាសចុះកិច្ចសន្យាថ្មីជាមួយ ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (“CRUCG”) វិញដែលជាក្រុមហ៊ុនមានស្ថានភាពហិរញ្ញវត្ថុ រឹងមាំល្អ។

ក្រោមពីមានកិច្ចសន្យាថ្មីនេះ ក្រុមហ៊ុន SGW មិនព្រមចាកចេញពីទីតាំងគម្រោង ដោយនៅ បន្តការកាន់កាប់គម្រោង និងតវ៉ាទាមទារឱ្យមានការដោះស្រាយតាមផ្លូវច្បាប់ជាមុនសិន ទើបធ្វើឲ្យក្រុមហ៊ុន CRUCG មិនអាចចូលក្នុងទីតាំងគម្រោង ហើយកាន់តែធ្វើឲ្យគម្រោងសាងសង់កាន់តែយឺតយ៉ាវថែម។

ក្រុមហ៊ុន អកស៍ឡី ជេម ក៏បានធ្វើការដោះស្រាយតាមនីតិវិធី ដែលចុងក្រោយ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារ និងអនុវត្តសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបង្គាប់ឱ្យក្រុមហ៊ុន SGW អ្នកម៉ៅការបន្ត និងបុគ្គលិករបស់ពួកគេ ចាកចេញពីទីតាំងគម្រោងជាបន្ទាន់។

បន្ទាប់ពីការប្រកែកមិនព្រមសហការ និងប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុន SGW ជាច្រើនលើកមក ទីបំផុតអាជ្ញាសាលាបានធ្វើការនាំខ្លួនក្រុមការងាររបស់ក្រុមហ៊ុន SGW ចេញពីទីតាំងគម្រោងដោយជោគជ័យ។ ហើយគិតមកដល់ថ្ងៃនេះ ក្រុមហ៊ុន អកស៍ឡី ជេម អាចកាន់កាប់ និងគ្រប់គ្រងទីតាំងគម្រោងបានវិញយ៉ាងពេញលេញ។ ដូច្នេះ ក្រុមហ៊ុន CRUCG អាចនឹងចាប់ផ្តើមការងារសាងសង់គម្រោងបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ។

បើយោងតាមគេហទំព័រផ្លូវការរបស់គម្រោង «The Peak» គម្រោងនេះគ្រោងនឹងបញ្ចប់គោលការសាងសង់ក្នុងកំឡុងខែ មិថុនា ដល់ខែធ្នូ ២០២០នេះ ហើយកាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅអាស៊ី CapitaLand បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុក Worldbridge Land ដើម្បីចូលមកគ្រប់គ្រង ផ្សារទំនើបនៅក្នុងគម្រោង The Peakផងដែរ៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]