ចង់ទិញផ្ទះដំបូង គួរទិញនៅភាគខាងណានៃរាជធានីភ្នំពេញ? គួរជ្រើសរើសដូចម្ដេច?
ទីតាំង និងកាលៈទេសៈ គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលអ្នកត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។ បើទិញនៅទីតាំងល្អ ហើយចំពេលវេលាល្អទៀត អ្នកអាចនឹងចំណេញកប់ក្ដោង។
ចុះបើនេះជាលើកទីមួយដែលអ្នកចង់ទិញផ្ទះវិញ អ្នកនឹងមានជាសំណួរដែលត្រូវចោទឡើងជាច្រើនដូចជា គួរទិញនៅម្ដុំណា? ភាគខាងណានៃទីក្រុងភ្នំពេញ? ទិញពេលណា? ហើយជ្រើសរើសយ៉ាងដូចម្ដេច?
យោងតាម លោក David Pen អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia ភាគខាងត្បូងនៃទីក្រុង គឺជាទីសក្ដានុពលដែលអ្នកមិនមើលគួររំលង។
លោកបានមានប្រសាសន៍ថា៖ «ភាគខាងត្បូងហ៊ុមព័ន្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោង Aeon 3 ផ្លូវក្រវាត់ក្រុងទី៣ និងវត្តមាននៃអាជីវកម្មធំៗ ជាច្រើនទៀត»។
«លើសពីនេះ ភាគខាងត្បូងនឹងមានសន្ទុះកាន់តែខ្លាំងនៅពេលអនាគត ព្រោះសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតក៏កំពុងឆ្ពោះទៅភាគខាងត្បូងនេះដែរ»។
ក្រោយពីដឹងពីទីតាំងហើយ លោកពន្យល់ថា របៀបជ្រើសរើសទិញផ្ទះសំខាន់បំផុតគឺអាស្រ័យលើចំណុចសំខាន់ៗទាំង៣នេះ ១) កញ្ចប់ថវិការបស់អ្នក ២) ការជ្រើសរើសម្ចាស់គម្រោងដែលជឿទុកចិត្ត និង ៣) ចំណង់ចំណូលចិត្ត។ បើថវិកាខ្ពស់ គួរទិញនៅចំណុចដែលជាប់នឹងផ្លូវធំៗ ព្រោះថ្ងៃអនាគតអាចនឹងលក់បានចំណេញច្រើន។
ដោយឡែកទាក់ទិននឹងពេលវេលាថាគួរទិញពេលណាវិញ លោកសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជាឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃទាប។ អ្នកអភិវឌ្ឍន៍ខ្លះអាចឱ្យអ្នកបង់រំលស់គ្មានការប្រាក់បានរយៈពេលវែង ដូចគ្នានេះ ធនាគារក៏កំពុងផ្តល់កម្ចីអត្រាទាបផងដែរ។
លោកពន្យល់ថា៖ «ពាក្យថា Best Deal (អចលនទ្រព្យល្អ) មិនមានន័យថាតម្លៃទាបប៉ុណ្ណោះទេ ប៉ុន្តែអ្នកគួរតែទទួលបានលក្ខខណ្ឌល្អៗផ្សេងៗទៀតដូចជា ការបង់រំលស់គ្មានការប្រាក់រយៈពេលវែង ឬការប្រាក់ទាប ទីតាំងល្អ គុណភាពសំណង់ ការធានាគុណភាពសំណង់ និងពិសេសសក្តានុពលពេលចង់លក់នៅពេលអនាគត»។
«ដូច្នេះពេលនេះ គឺពេលដែលល្អបំផុត ប៉ុន្តែអ្នកត្រូវសិក្សាឱ្យច្បាស់ពីលំហូរសាច់ប្រាក់របស់អ្នក មុននឹងសម្រេចចិត្ត» លោកបានបន្ត។
- Video Advertisement -