ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួមមួយចំពោះការចែកចាយដីធ្លី ដែលមានគោលបំណងធានាជីវភាពរស់នៅរយៈពេលវែង និងលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ
ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំតែដីប៉ុណ្ណោះទេ ពោលគឺរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតនៅតំបន់នោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ចាប់ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។
ឯកឧត្តម បានបញ្ជាក់ថា “យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះគឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ជូនបងប្អូនសម្បទានិក រួមមាន៖ ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ”។
សូមបញ្ជាក់ដែរថា តាមរយៈពិធីខាងលើរដ្ឋាភិបាលបានចែកជូនចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន៣ ចំនួន៩១ខ្នង ដែលស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែង ស្រុករមាសហែក ខេត្តស្វាយរៀង។ ដោយឡែកនៅថ្ងៃដដែលនេះ រដ្ឋាភិបាល ផ្ដល់ដីជូនសម្បទានិកចំនួន ៣១៦គ្រួសារ នៅក្នុងភូមិព្រៃផ្តៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
- Video Advertisement -