ចិនគ្រោងបន្ថែមទុន ១០០លានដុល្លារ ពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាចម្រោះទឹកនៅកម្ពុជា
ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ចិន គ្រោងបោះទុនប្រមាណ ៥០-១០០ លានដុល្លារ ពង្រីកការវិនិយោគបន្ថែមក្នុងវិស័យទឹកស្អាតនៅកម្ពុជាក្នុងរយៈពេល ៣-៥ ឆ្នាំ ខាងមុខ ដោយផ្តោតលើផលិតផលចម្រោះទឹកដែលប្រើបច្ចេកវិទ្យា UF membrane។
នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
បើតាមជំនួបខាងលើ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្រុមហ៊ុន បានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane នៅក្នុងខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត បានបញ្ជាក់ថា ក្នុងរយៈពេល ៣-៥ឆ្នាំ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបន្ថែមទុនប្រមាណ ៥០-១០០លានដុល្លារទៀត ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានគាំទ្រចំពោះការពង្រីកដើមទុននេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ សម្រាប់ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក។
បន្ថែមពីនេះ ឯកឧត្តម បានជំរុញឱ្យក្រុមហ៊ុន ពង្រីកការវិនិយោគវិស័យទឹកស្អាតរបស់ខ្លួន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា UF Membrane ដោយសារក្រុមហ៊ុនបានបង្កើតលទ្ធផលជោគជ័យជាសកល និងមានភ្នាក់ងារផ្តល់បច្ចេកវិទ្យានេះនៅក្នុងប្រទេសជាច្រើន។
ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ប្រជុំជន សម្រាប់តម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារដែលបាន និងកំពុងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លានគ្រួសារនៅទូទាំងពិភពលោក។
- Video Advertisement -