ចិនបង្ហាញពីសក្តានុពលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា សម្រាប់បដិវត្តថាមពលបៃតង
ក្រុមហ៊ុនចិនល្បីៗចំនួនប្រាំមួយបានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបំប្លែងគ្រាប់ស្វាយចន្ទីទៅជាប្រេងធញ្ញជាតិស្វាយចន្ទី Cashew Nut Shell Liquid (CNSL)។ បំណងអភិវឌ្ឍទិដ្ឋភាពកសិឧស្សាហកម្មរបស់កម្ពុជា ត្រូវបានបង្ហើបឱ្យដឹងពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) និងចុះផ្សាយដោយ PPPost នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤នេះ។
ប្រេងធញ្ញជាតិស្វាយចន្ទី (CNSL) ជាផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃដ៏សម្បើមមួយប្រភេទ មានសារធាតុជាជីវឥន្ធនៈកកើតឡើងវិញ (ប្រភពថាមពលកកើតឡើងវិញ Renewable Energy) អាចបំបែកជីវធាតុបាន និងមានប្រសិទ្ធភាពក្នុងការចំណាយ។ ប្រេង CNSLនេះ ត្រូវបានទទួលស្គាល់ជាសកលថាជាជម្រើសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងមានលក្ខណៈបរិស្ថានមេត្រីជាងបើធៀបទៅនឹងប្រេងម៉ាស៊ូត CNSL។ ឥន្ធនៈកែច្នៃពីស្វាយចន្ទីនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសក្តានុពលរបស់វានៅក្នុងទីផ្សារថាមពល ដែលគិតគូរពីបរិស្ថាន ដូចជាទីផ្សារនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចែករំលែកព័ត៌មានក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃថ្មីរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ០១ ខែមករា ដែលលោកបានអញ្ជើញវិនិយោគិនចិនចូលរួមនោះថា៖ “វិនិយោគិនចិនដែលចូលរួមកម្មវិធីនេះ បានចាប់អារម្មណ៍លើលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ច្រើនរបស់កម្ពុជា និងចាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រកែច្នៃសម្រាប់បំប្លែងគ្រាប់ស្វាយចន្ទីទៅជា ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់។”
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល លោក ស៊ីឡុត បានបន្ថែមថា “វាជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា ដោយខ្ញុំសង្ឃឹមថា ខាងក្រុមហ៊ុនគាត់នឹងបន្តទាក់ទងជាមួយយើងបន្តទៀត ព្រោះបើគាត់ចង់បើករោងចក្រ គឺយើងមានដីសម្រាប់ឱ្យពួកគាត់គ្រប់គ្រាន់ក្នុងការវិនិយោគ។…ខ្ញុំជឿថា ក្រុមហ៊ុនទាំងអស់នោះនឹងសម្រេចចិត្តជាវិជ្ជមាននៅក្នុងឆ្នាំ ២០២៤-២០២៥ នេះ។”
ក្រុមហ៊ុនចិនទាំង ០៦ ខាងលើ សុទ្ធតែមានរោងចក្រជារបស់ខ្លួនប្រចាំនៅប្រទេសវៀតណាមរួចហើយ ប៉ុន្តែក្រុមហ៊ុនទាំងនេះក៏ចង់ពង្រីកទីផ្សារមកកម្ពុជាបន្ថែម ពីព្រោះក្រុមហ៊ុនមើលឃើញថាកម្ពុជាមានសក្តានុពលដែលអាចផលិតគ្រាប់ស្វាយចន្ទីឆៅបានច្រើនក្នុងមួយ ឆ្នាំៗ។
“រោងចក្ររបស់ក្រុមហ៊ុនចិនទាំង ៦ នោះមានជាប្រភេទរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, រោងចក្រកៀបសម្បកគ្រាប់ស្វាយចន្ទីយកប្រេង និងរោងចក្រប្រើសំណល់ចុងក្រោយរបស់ស្វាយចន្ទី (រោងចក្រប្រើសំណល់ចុងក្រោយនេះ គេអាចផលិតទៅជាធ្យូងឧស្សាហកម្ម ព្រោះមានចំហេះខ្ពស់ និងធ្វើជាជីផងដែរ)” លោក ស៊ីឡុតបញ្ជាក់។
សម្រាប់កសិករកម្ពុជា ព័ត៌មានអំពីការអភិវឌ្ឍន៍រោងចក្រកែច្នៃនេះ បង្ហាញពីសញ្ញាវិជ្ជមាន ដោយសារតែការកើនឡើងនៃរោងចក្រកែច្នៃក្នុងស្រុកអាចកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសជិតខាង។ ជាងនេះទៅទៀត វាជួយបង្កើនតម្លៃបន្ថែមរបស់កម្ពុជាក្នុងឧស្សាហកម្មគ្រាប់ស្វាយចន្ទី ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
របាយការណ៍របស់ CAC បង្ហាញថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៦៤៥.០០០ តោន ដោយនាំចេញទៅប្រទេសវៀតណាមចំនួន ៦១៧.០០០ តោន គិតជាទឹកប្រាក់ ៨៣៤លានដុល្លារ។ ថ្វីបើតួលេខនេះបានបង្ហាញពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីវិស័យកសិឧស្សាហកម្មនេះក៏ដោយ តែបើគិតជាភាគរយ គឺមានការថយចុះ ១៦,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
យោងតាម CAC តម្លៃមធ្យមនៃគ្រាប់ស្វាយចន្ទីស្ងួត មានចំនួន $១.៦៥៨ ក្នុងមួយតោន។ ក្នុងការវិភាគលម្អិតបន្ថែមទៀតសម្រាប់ខែវិច្ឆិកា តម្លៃគ្រាប់ស្ងួតនៅលើទីផ្សារ មានក្នុងចន្លោះពី ៧០០០ ទៅ ៧៧០០ រៀលក្នុងមួយគីឡូក្រាម ស្មើនឹងប្រមាណ ១,៧១ ទៅ ១,៨៨ ដុល្លារ ពោលគឺជាមធ្យមប្រហែល ១.៨០០ ដុល្លារក្នុងមួយតោន។
ការមានផែនការគិតគូរពីការផ្លាស់ប្តូរឆ្ពោះទៅរកការកែច្នៃក្នុងស្រុកកាន់តែច្រើន នឹងជួយពង្រឹងជំហររបស់កម្ពុជា ក្នុងនាមជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក៕
- Video Advertisement -