ចិនសម្ពោធបើកសមាគមពាណិជ្ជករនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនចិនមកទីនេះបន្ថែមទៀត

ក្រុមអ្នកវិនិយោគចិន បានសម្រេចបើកសម្ពោធសមាគមពាណិជ្ជករហ៊ូប៉ីឈូររបស់ខ្លួននៅកម្ពុជាជាផ្លូវការហើយ ដើម្បីទាក់ទាញវិនិយោ​គិនមកពីប្រទេស​​ចិនបន្ថែមទៀត។

សមាគមថ្មីនេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលមានបេសកកម្មរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជាខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់វិនិយោគិនចិនដទៃទៀតដែលមិនទាន់មកកម្ពុជា ឱ្យអញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតនៃប្រទេសទាំងពីរ កម្ពុជា-ចិន។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកបង្ហាញអំពីសក្តានុពលរបស់ប្រទេសកម្ពុជាដែលបានក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ព្រមទាំងត្រូវបានអង្គភាព FDI Intelligence នៃកាសែត Financial Times បានដាក់ពិន្ទុថាជា “កម្ពុជាជាគោលដៅវិនិយោគផ្ទាល់ពីបរទេសឈានមុខគេក្នុងឆ្នាំ២០២៤” ក្នុងចំណោមប្រទេសនាំមុខទាំង ៥០ លើសកលលោក។

ឯកឧត្តមបានបន្តថា កម្ពុជាមានស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា, សម្បូរដោយពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីនេះ កម្ពុជាមានសក្តានុពលក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិ និងយន្តការកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន, ការបន្តពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, និងការបន្តដាក់ចេញនូវវិធានការគាំទ្រផ្សេងៗសំដៅធ្វើការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។

គិតមកទល់ពេលនេះ ពាណិជ្ជករខ្មែរ និងចិន បានរួមគ្នាបង្កើតសមាគមជាច្រើនដែលបានជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដូចជាសមាគមពាណិជ្ជកម្មចិននៅកម្ពុជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា សមាគមសហគ្រិនខ្មែរចិននៅកម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា សមាគមពាណិជ្ជកម្មអានហួយនៅកម្ពុជា និងសមាគមទើបបង្កើតចុងក្រោយនេះ គឺសមាគមពាណិជ្ជករហ៊ូប៉ីឈូរនៅកម្ពុជា​។

ដោយសារកម្ពុជាបន្តអភិវឌ្ឍទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន ការបង្កើតសមាគមធុរកិច្ចថ្មីនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការរីកចម្រើនទៅវិញទៅមករវាងកម្ពុជា និងចិន ដោយបើកផ្លូវថ្មីសម្រាប់ការវិនិយោគ និងភាពជាដៃគូ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]