ឆ្នាំ២០២១ គួរវិនិយោគលើអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណា?

ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប្រមាណ ១៥% ទៅ ២០%។ វិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ (អានបន្ថែម)

ចុះឆ្នាំ ២០២១ វិញ? អ្នកជំនាញក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា ឆ្នាំ ២០២១ ទីផ្សារមួយនេះនឹងងើបឡើងវិញម្ដងបន្តិចៗ តួយ៉ាង អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ (អានបន្ថែម)

ទោះមានការព្យាករណ៍ពីកំណើនក្ដី ប្រជាជន ឬអ្នកវិនិយោគទូទៅ នៅតែមានមន្ទិលសង្ស័យថា តើគួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២១ ឬចាំឆ្នាំក្រោយ? បើវិនិយោគ តើគួរវិនិយោគលើអ្វី ហើយនៅកន្លែងណា?

លិច កើត ជើង ត្បូង នៃរាជធានីភ្នំពេញ គួរវិនិយោគលើអ្វី?

បើយោងតាម អ្នកនាង អាន សុធីតា បើចង់វិនិយោគ តំបន់ជាយក្រុងភ្នំពេញគួរតែទិញតំបន់ទិសដៅធំៗដំបូង ដែលអ្នកគួរសំឡឹងមើល ហើយជាក់ស្ដែងមិនមានតំបន់ណាល្អជាតំបន់ណាទេ ព្រោះវាអាស្រ័យលើគោលដៅវិនិយោគ និងប្រភេទអចលនទ្រព្យ ដែលអ្នកជ្រើសរើស។

ខាងជើង៖ ផ្ដោតលើអគារពាណិជ្ជកម្ម និងសណ្ឋាគារ

ផ្នែកខាងជើង មានដីទំនេរច្រើនសម្រាប់វិនិយោគលើវិស័យលំនៅដ្ឋាន។ ហើយនៅតំបន់នោះ ហេដ្ឋារចនាសម្ព័ន្ធក៏មានលក្ខណៈល្អប្រសើរ បើធៀបនឹងប៉ែកផ្សេងៗ។ លើសពីនេះ ជីវភាពប្រជាជននៅទីនោះ គឺកើនឡើងពីកម្រិតមធ្យមទៅកម្រិតលើមធ្យម។ ដូច្នេះ ឱកាសវិនិយោគហើយចំណេញ គឺផ្នែកអគារពាណិជ្ជកម្ម និង ផ្នែកសណ្ឋាគារ។

ខាងត្បូង៖ ផ្ដោតលើលំនៅដ្ឋាន

ផ្នែកខាងត្បូង គឺជាតំបន់មានសក្ដានុពលខ្ពស់ ព្រោះសម្បូរទៅដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា គម្រោងព្រលានយន្តហោះថ្មី ផ្លូវ៦០ ម៉ែត្រ និងគម្រោងពាណិជ្ជកម្មជាច្រើនទៀត។ ដូច្នេះ បើចង់ចំណេញ គួរផ្ដោតទៅលើទីផ្សារលំនៅលំនៅដ្ឋាន ព្រោះតំបន់នេះមានអចលនទ្រព្យប្រភេទអគារពាណិជ្ជកម្មច្រើនហើយ។ លើសពីនេះ បើប្រៀបធៀបនឹងទិសដៅផ្សេងទៀត អចលនទ្រព្យនៅតំបន់នេះគឺមានតម្លៃខ្ពស់ជាងគេ។

ផ្នែកខាងលិច៖ ផ្ដោតលើទីផ្សារលក់រាយ

ផ្នែកខាងលិចក៏មានហេដ្ឋារចនាសម្ព័ន្ធច្រើនដូចគ្នា ជាពិសេសនៅម្ដុំចោមចៅ ដែលធ្វើឱ្យទីនោះមានកំណើនប្រជាជនច្រើន។ ដូច្នេះ ឱកាសវិនិយោគដែលមានសក្ដានុពលគឺទីផ្សារលក់រាយ ឬផ្សារទំនើប។ ប៉ុន្តែ ចំណូលរបស់ប្រជាជននៅទីនោះគឺនៅមានកម្រិត ដូច្នេះអ្នកវិនិយោគត្រូវវិភាគឱ្យច្បាស់ថាត្រូវសាងសង់ទីផ្សារបែបណាឱ្យសមស្របនឹងតម្រូវការ។

ផ្នែកខាងកើត៖ ផ្ដោតលើលំនៅដ្ឋាន និងពាណិជ្ជកម្ម

ផ្នែកខាងកើត ជាតំបន់ល្អសម្រាប់ការរស់នៅ ដោយសារមានទន្លេ និងជាតំបន់ដែលមិនទាន់មានឧស្សាហកម្ម។ ប៉ុន្តែ តំបន់នេះក៏នឹងអាចផ្លាស់ប្ដូរពីបណ្ដុំលំនៅដ្ឋាន ទៅជាបណ្ដុំពាណិជ្ជកម្មផងដែរ។ ដូច្នេះ បើមានថវិកា អាចវិនិយោគលើដី ឬអភិវឌ្ឍជាអគារពាណិជ្ជកម្ម ព្រោះតម្លៃគឺទាបបើប្រៀបធៀបនឹងទិសផ្សេងទៀត។

ក្រៅពីជាយក្រុងភ្នំពេញ នៅតាមបណ្ដាខេត្តនានា ក៏កំពុងមានសក្ដានុពលផងដែរ។ បើយោងតាម លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ខេត្តទាំងនោះរួមមាន ព្រះសីហនុ កំពង់ស្ពឺ កំពត កែប សៀមរាប និងមណ្ឌលគិរី ហើយខេត្តទាំងនេះមានលក្ខណៈពិសេសខុសៗគ្នា ហើយគួរវិនិយោគលើអចលនទ្រព្យប្រភេទផ្សេងៗ គ្នាដែរ។

ខេត្តព្រះសីហនុ

លោក សន សៀប បានព្យាករថាខេត្តនេះ នឹងមានសន្ទុះខ្លាំងជាងគេ ក្រោយចប់វិបត្តិកូវីដ ដោយសារកត្តាអំណោយផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលគ្រោងនឹងបញ្ចប់ឆាប់ៗ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ ឆ្នេរស្អាតៗ កោះ និងជាពិសេសរ៉ែប្រេងកាត ដែលទើបបញ្ចេញដំណក់ប្រេងទីមួយកាលពីថ្មីៗនេះជាដើម។

ដោយឡែកសម្រាប់ឱកាសវិនិយោគវិញ លោកណែនាំឱ្យវិនិយោគទិញដីនៅតំបន់កៀកៗរាម ព្រោះជាតំបន់ជាប់សមុទ្រ មានដីនៅទំនេរច្រើន ហើយតម្លៃនៅទាប បើធៀបនឹងតម្លៃនៅក្នុងក្រុង។ ការទិញនេះទៀតសោត អាចទិញដើម្បីធ្វើជារីស៉ត ឬទិញទុកសម្រាប់ឡើងថ្លៃ ព្រោះដីប្រភេទនេះងាយស្រួលឡើងថ្លៃជាងនៅក្នុងក្រុង។

លើសពីនេះ អ្នកនាង អាន សុធីតា ក៏បានណែនាំថាឱកាសវិនិយោគគួរផ្ដោតទៅលើវិស័យឧស្សាហកម្ម ជាអាទិភាព បន្ទាប់មកត្រូវផ្ដោតទៅលើផ្នែកលំនៅដ្ឋាន ដើម្បីទប់ជាមួយនឹងការរីកចម្រើននៃក្រុង។ និយាយឱ្យខ្លី បើទីក្រុងក្លាយជាតំបន់ឧស្សាហកម្ម អ្នកធ្វើការនៅទីនោះក៏ត្រូវការកន្លែងស្នាក់នៅដែរ ដូច្នេះវិស័យលំនៅដ្ឋានក៏នឹងមានសន្ទុះខ្លាំង។

កំពង់ស្ពឺ

បើយោងតាមលោក សន សៀប ខេត្តកំពង់ស្ពឺគឺជាមានខេត្តសក្ដានុពលបន្ទាប់ ពិសេសនៅតាមបណ្ដោយផ្លូវ ៤១ ផ្លូវ៥១ និងផ្លូវ៤៤ ហើយសក្ដានុពលវិនិយោគគឺ រោងចក្រឧស្សាហកម្ម ព្រោះហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងអំណោយផល។

ដោយឡែក លោក ច្រឹក សុខនឹម ក៏បានណែនាំថា ស្រុកឱរ៉ាល់ ស្រុកត្បូង និងក្រុងច្បាមន ក៏កំពុងតែមានសក្ដានុពលដែរ។ ការវវិនិយោគនៅទីនោះ ស័ក្តិសមនឹងក្រុមហ៊ុនដែលចង់អភិវឌ្ឍន៍ទៅជាឃ្លាំង ឬផែស្ងួត ដោយសារតំបន់នោះមានភ្លើង ទឹក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។

លោកបន្តថា ខេត្តកំពង់ស្ពឺជាទីតាំងល្អ ព្រោះវាស្ថិតនៅចន្លោះភ្នំពេញ និងព្រះសីហនុ។ លើសពីនេះ ដីនៅទីនោះគឺធំៗ ស័ក្ដិសមនឹងការធ្វើរោងចក្រ និងកន្លែងស្តុក។ ដូច្នេះ បើវិនិយោគនៅទីនោះ គួរវិនិយោគលើដីធំៗ ទើបមានឱកាសចំណេញច្រើន។

កំពត និងកែប

ខេត្តទាំង ២ នេះ នឹងមានសក្ដានុពលខ្លាំងក្រោយកូវីដ ពិសេសសម្រាប់ការវិនិយោគលើរីសត នៅតាមទីតាំងដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ព្រោះដីនៅទីនោះនៅសល់ច្រើន។ ប៉ុន្តែ លោកណែនាំថា សម្រាប់អ្នកទិញទុកចំណេញ គឺមិនសូវជាមានសក្តានុពលទេ។

សៀមរាប

បើយោងតាម លោក សន សៀប ខេត្តសៀមរាប គឺត្រូវការពេលវេលាយូរទៀត ពោលគឺប្រមាណ ៥ ឆ្នាំទៀត ទើបទីផ្សារមានចរន្ត។ ក្នុងកាលៈទេសៈបែបនេះ សម្រាប់អ្នកមានថវិកាខ្ពស់ លោកណែនាំឱ្យទិញសណ្ឋាគារដែលលក់ក្រោមតម្លៃទីផ្សារ ជួសជុលឡើងវិញ ហើយចាំប្រមូលផលចំណេញក្រោយកូវីដ។ ដោយឡែក សម្រាប់អ្នកចង់វិនិយោគដី ឬអ្នកអភិវឌ្ឍ ត្រូវសិក្សាឱ្យបានច្បាស់ពីច្បាប់ ដូចជាការកំណត់កម្ពស់ការសាងសង់ និងតំបន់ហាមឃាត់មិនឱ្យអភិវឌ្ឍន៍ជាដើម។

បើយោងតាម អ្នកនាង អាន សុធីតា ទោះរងផលប៉ះពាល់ធ្ងន់ធ្ងរក្ដីពីវិបត្តិកូវីដក្ដី ខេត្តសៀមរាប នៅតែមានឱកាស ប៉ុន្តែអ្នកវិនិយោគមិនគួរផ្ដោតលើការវិនិយោគលើផ្នែកទេសចរណ៍ ឬបដិសណ្ឋារកិច្ចតែមួយមុខទេ គួរតែវិនិយោគលើអចលនទ្រព្យឱ្យច្រើនប្រភេទដូចជា ដីធ្លី អគារពាណិជ្ជកម្ម ឬលំនៅដ្ឋានជាដើម ដើម្បីកាត់បន្ថយហានិភ័យ។

មណ្ឌលគិរី

លោកសន សៀប បានឱ្យដឹងថា ខេត្តមណ្ឌលគិរីជាទិសដៅវិនិយោគសក្ដានុពលមួយ សម្រាប់អ្នកវិនិយោគិនដែលហ៊ានប្រថុយខ្ពស់ ពីព្រោះដីនៅទីតាំងនោះមានទាំងឱកាស និងបញ្ហា ប៉ុន្តែបើវិនិយោគត្រូវ គឺអាចនឹងចំណេញខ្លាំងនៅ ៥ ឆ្នាំខាងមុខ។

លោកបន្តថា ការវិនិយោគលើអចលនទ្រព្យនៅមានភាពមិនច្បាស់លាស់ ដោយសារមានបញ្ហាទៅលើការវិនិយោគដីបរិស្ថាន ឬដីរបស់រដ្ឋ។ ដោយសារតែភាពមិនច្បាស់លាស់ និងបញ្ហាដីរដ្ឋនេះហើយ ទើបធ្វើឱ្យតម្លៃដីនៅខេត្តមួយនេះនៅទាប ហើយអ្នកវិនិយោគលើដីងាយស្រួលទាញផលប្រយោជន៍ពីវា ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្លាំង។

តំបន់ជាប់ព្រំដែន

ជាចុងក្រោយ អ្នកនាង អាន សុធីតា បានណែនាំថា តំបន់ដែលជាប់នឹងទល់ដែន មិនថាទល់ដែនថៃ ឬវៀតណាមទេ គឺសុទ្ធមានសក្ដានុពល ជាពិសេសសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ តួរយ៉ាង ដូចជាបាវិត ប៉ោយប៉ែត និងបាត់ដំបងជាដើម ជាឱកាសវិនិយោគទាំងអស់។

ជាសរុប ឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងចាប់ផ្ដើមងើបឡើងវិញសន្សឹមៗ ហើយឆ្នាំ ២០២១ នេះទៀតសោតក៏នៅតែជាឱកាសទិញបានអចលនទ្រព្យក្រោមតម្លៃទីផ្សារ។ ហើយបើសួរថា គួរវិនិយោគលើអ្វី និងទៅទីណាល្អ ចម្លើយគឺអាស្រ័យទៅលើ គោលដៅ លំហូរសាច់ប្រាក់ និងភាពហ៊ានប្រថុយប្រថាន របស់អ្នកវិនិយោគផ្ទាល់ ព្រោះតំបន់នីមួយៗ មានលក្ខណៈពិសេសខុសគ្នាៗ ហើយបុគ្គលម្នាក់ៗក៏មានស្ថានភាពខុសគ្នាដែរ។ សំណួរចុងក្រោយ តើគួរវិនិយោគឆ្នាំនេះ ឬចាំឆ្នាំក្រោយ អ្នកជំនាញសុទ្ធតែយល់ឃើញដូចគ្នាថា បើមានថវិកាគួរវិនិយោគពេលនេះ ព្រោះឱកាសល្អមិនចាំអ្នកឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]