ជប៉ុនផ្តល់ជំនួយឥតសំណងជាង៧២ លានដុល្លារ ដើម្បីអនុវត្តគម្រោងធំៗ ៦ នៅកម្ពុជា
រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយដល់កម្ពុជាជាង ៧២,១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងធំៗចំនួន ៦ ដែលក្នុងនោះទឹកប្រាក់ចំនួន ៥៧,៦ លានដុល្លារគឺសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ខណៈទឹកប្រាក់ ១៤,៥ លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ គម្រោងផ្សេងទៀត។
លិខិតប្តូរសារនៃជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសឯកឧត្ដម ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ចំពោះ គម្រោងផ្គត់ផ្អង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី ២ ជាគម្រោងពង្រីករោងចក្រផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតបាន ៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយទឹកមានប្រវែងលើសពី ២០០ គីឡូម៉ែត្រ បន្ទាប់ពីដំណាក់កាលទី ១។
ដោយគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចំនួន៥ រួមមាន៖
-គម្រោងបោសម្អាតមីន និងត្រួតពិនិត្យគុណភាពដី ដែលទទួលបានជំនួយប្រមាណ ១,៨ លានដុល្លារ
-គម្រោងផ្តល់សម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលទទួលបានជំនួយប្រមាណ ២,៣ លានដុល្លារ
-គម្រោងផ្តល់សម្ភារបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឍមណ្ឌលទិន្នន័យ ដែលទទួលបានជំនួយប្រមាណ ២,៣ លានដុល្លារ
-គម្រោងបំពាក់សម្ភារ និងបរិក្ខារបច្ចេកទេស សម្រាប់គ្រឹះស្ថានអប់រំ ដែលទទួលបានជំនួយប្រមាណ ៣,៦ លានដុល្លារអាមេរិក
-គម្រោងបំពាក់សម្ភារ បរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលទទួលបានជំនួយប្រមាណ ៤,៥ លានដុល្លារអាមេរិក។
ក្នុងថ្ងៃជាមួយគ្នានេះផងដែរ រដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ក៏បានចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាស្តីអំពីគម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។
- Video Advertisement -