ជប៉ុនសន្យាបន្ដលើកកម្ពស់ស្ដង់ដាប្រព័ន្ធទឹកស្អាតនៅខេត្តក្រុងទិសដៅចំនួន ៥ នៅចុងឆ្នាំនេះ

រដ្ឋាភិបាលជប៉ុន នឹងបន្តជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត ពិសេសសម្រាប់ខេត្តគោលដៅ ៥ រួមមាន ពោធិ៍សាត់ សៀមរាប ស្វាយរៀង កណ្តាល និងភ្នំពេញ ដោយសន្យាថានឹងអនុម័តថវិកាជំនួយឱ្យបាននៅចុងឆ្នាំនេះ ឬពាក់កណ្ដាលឆ្នាំក្រោយ។

ការសន្យានេះ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឯកឧត្តម ចម ប្រសិទ្ធ ក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា កន្លងទៅ។

ឯកឧត្តមបានឱ្យដឹងថា ជប៉ុនកន្លងមកបានជួយកម្ពុជាជាច្រើនលើវិស័យទឹកស្អាត ប៉ុន្តែកម្ពុជានៅតែត្រូវការជំនួយបន្ថែមទៀតលើគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ដែលកំពុងរីកធំធាត់។

ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន Mikami Masahiro សន្យាថានឹងអនុម័តគម្រោងសំណើនេះឱ្យបាននាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនតែងតែជួយកម្ពុជាទាក់ទិននឹងវិស័យទឹកស្អាតជាច្រើន។ ជាក់ស្ដែង កាលពីចុងឆ្នាំ ២០១៩ ជប៉ុនបានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ (អានបន្ថែម)

- Video Advertisement -