ជប៉ុន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើន
អន្តរក្រសួង និងគណៈប្រតិភូជប៉ុន បានពិភាក្សាលើគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។
អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖ (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។
ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។
- Video Advertisement -