ដីជាង ៥ម៉ឺនហិកតា ក្នុងដែនជម្រកសត្វព្រៃពីរតំបន់ ត្រូវបានចុះបញ្ជីជាដីរដ្ឋ

រាជរដ្ឋាភិបាលបាន សម្រេចបានសមិទ្ធផលថ្មី គឺការចុះបញ្ជីដីរដ្ឋបាន ជាង៥០,០០០ ហិកតា នៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឱ្យមាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០១៨ មកម្ល៉េះ ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

រហូតមកដល់ពេលនេះ ការងារនេះ សម្រេចបានលទ្ធផលសំខាន់ៗមួយចំនួនធំ ក្នុងចំណោមនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ជូនក្រសួងបរិស្ថាន ចំនួន ១៨ប័ណ្ណ ដែលក្នុងនោះ ១០ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា និង ៨ ប័ណ្ណទៀត សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៤៥.៥១៩,២៦ ហិកតា។

សូមបញ្ជាក់ថា តួលេខខាងលើនេះ បញ្ជាក់តែអំពីការចុះបញ្ជីតំបន់ស្នូល និងតំបន់អភិរក្សក្នុងខេត្តកោះកុង និងតំបន់ស្នូលក្នុងខេត្តមណ្ឌលគិរី មួយចំនួនតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់តំបន់ពីរប្រភេទទៀត គឺតំបន់សហគមន៍ និងតំបន់ប្រើប្រាស់ប្រកបដោយចីរភាព រដ្ឋាភិបាលកំពុងមានវិធានការបន្ត។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលពីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តពិនិត្យចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» សម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។ ក្រុមការងារអនុវត្តគម្រោង កំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ ដូចជាការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ និងការចុះប្រតិបត្តិសកម្មភាពអាទិភាពនៅទីវាលជាក់ស្តែង។

ការចុះបញ្ជីដីរដ្ឋដែលជាជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស នេះ ធ្វើឡើងដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ភូមិបាលឆ្នាំ២០០១ និងតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។ដោយឡែក នៅក្នុងខេត្តកោះកុង ការកាត់ឆ្វៀលដីចេញពីតំបន់ដីក្រោមអនុក្រឹត្យលេខ ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កំពុងនៅមិនទាន់ឈានដល់សេចក្តីសម្រេចជាផ្លូវការឡើយ។ (អានបន្ថែម)

បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា៕

- Video Advertisement -