ដី៥ហិកតានៅបឹងកន្សែងខេត្តរតនគិរី នឹងផ្លាស់ប្ដូរមុខមាត់ជាតំបន់ទេសចរណ៍ពហុបំណង
អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន និងក្រុមមន្ត្រីជំនាញ កាលពីថ្មីៗនេះ បានចុះត្រួតពិនិត្យផលប៉ះពាល់គម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដីទំហំ ៥ ហិកតា នៅតំបន់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។
ក្នុងដំណើរត្រួតពិនិត្យកាលពីថ្ងៃទី ១៤ ធ្នូ នេះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រជាជន ៤៥ គ្រួសារ ដែលត្រូវប៉ះពាល់គម្រោងនេះត្រូវបានយល់ព្រមស្ម័គ្រចិត្ត រុះរើសំណង់ តូប ចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងនេះ។
បើយោងតាមផែនទីគំរូនៃគម្រោង រដ្ឋបាលគ្រោងនឹង ការសាងសង់អគាររដ្ឋបាល និងមហោស្រព សារមន្ទីរ សាលតាំងពិព័ណ៍ ចំណតរថយន្ត ផ្លូវ សម្រាប់ដើរជុំវិញបឹង សួនច្បារ និង កោះសម្រាប់ជាជម្រកសត្វស្លាប នៅកណ្ដាលបឹងផងដែរ។
គួរបញ្ជាក់ផងដែរថា ផ្ទៃដីសរុបនៃតំបន់បឹងកន្សែងនេះ មានផ្ទៃទឹកទំហំប្រមាណជាង ១៩ ហិកតា និងផ្ទៃគោកជាង ៥ ហិកតា ដែលនឹងត្រូវអភិវឌ្ឍន៍ នាពេលឆាប់ៗនេះ។
ថ្មីៗនេះ រដ្ឋបាលខេត្តបានប្រកាសថា នឹងអភិវឌ្ឍន៍រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅជុំវិញតំបន់បឹងកន្សែងនេះ ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

