តម្រូវការការងារផ្នែកសំណង់និងអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទី៣នៅក្នុងទីផ្សារការងារ

ការរីកលូតលាស់នៃវិស័យសំណង់ និងអចលនទ្រព្យបានបង្កើនឱកាសការងារយ៉ាងច្រើនទៅតាមផ្នែកផ្សេងៗ ហើយបានធ្វើឲ្យតម្រូវការការងារក្នុងវិស័យទាំងនេះស្ថិតក្នុងលំដាប់ទីបីនៅក្នុងទីផ្សារការងារ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកជ្រើរើសបុគ្គលិក។

ថ្លែងនៅឯសិក្ខាសាលាការសិក្សា និងការងារ នៅមុខនិស្សិតជាច្រើននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី ២២ ខែមិថុនា លោកស្រី ឃុន ពិសី អគ្គនាយកក្រុមហ៊ុនជ្រើសរើសបុគ្គលិក Careers Finder មានប្រសាសន៍ថា វិស័យការងារផ្នែកហិរញ្ញវត្ថុ និងធនាគារគឺមានតម្រូវការច្រើនជាងគេ បន្ទាប់មក វិស័យរោងចក្រ និងសំណង់ និងអចលនទ្រព្យ។

លោកស្រីបានមានប្រសាសន៍ថា៖ «ប៉ុន្មានឆ្នាំចុងក្រោយហ្អឹង វិស័យដែលរីកចម្រើនខ្លាំង គឺខាង finance and banking [ហិរញ្ញវត្ថុ និងធនាគារ] ៣២ភាគរយ នៃការងារទាំងអស់ ដែលឈរទីមួយ និងទីពីរ គឺវិស័យរោងចក្រ ១៦ ភាគរយ ទីបីរគឺខាងសំណង់ និងអចលនទ្រព្យ» ហើយពួកគាត់អាចរកប្រាក់ចំណូលពីចន្លោះ ២៥០ ទៅ ៥០០ ដុល្លារអាមេរិក។

ឆ្លុះបញ្ជាំងអំពីការរំពឹងទុកក្នុងការទទួលបានការងារផ្នែកសំណង់ក្រោយបញ្ចប់ការសិក្សា លោក Joseph Ngu នាយកសិក្សានៅវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) ដែលជាវិទ្យាស្ថានតែមួយគត់ដែលផ្តល់នូវវគ្គសិក្សាជាន់ខ្ពស់ផ្នែកសំណង់ និងអចលនទ្រព្យនៅកម្ពុជា បានផ្តល់នូវបទបង្ហាញយ៉ាងក្បោះក្បាយអំពីសក្តានុពលនៃធ្វើជាអ្នកបាន់ស្មានបរិមាណសំណង់ (QS) ដែលបច្ចុប្បន្នមាននៅក្នុងប្រទេសកម្ពុជាហើយ។

លោក Joseph Ngu បានមានប្រសាសន៍ថា៖ «ការរំពឹងទុកអំពី QS [ការទទួលបានការងារធ្វើ] នៅក្នុងទីផ្សារសំណង់គឺកំពុងមានតម្រូវការ ដោយសារក្រុមហ៊ុនភាគច្រើនកំពុងស្វែងរក QS ដើម្បីជួយពួកគាត់ក្នុងការធ្វើផែនការចំណាយថវិការ និងការគ្រប់គ្រងការចំណាយ»។

លោកបន្តថា៖ «ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ [QS] នឹងក្លាយជាតម្រូវការមួយដោយសារអាជីពនេះ គឺពិនិត្យមើលការគ្រប់គ្រងចំណាយថវិកា ការធ្វើផែនការចំណាយថវិការ ការបង់ប្រាក់ បំរែបំរួលនៃការបញ្ជាទិញ និងគណនីចុងក្រោយ» ហើយលោកបានបន្ថែមទៀតថា នេះគឺដោយសារតែ QS ត្រូវការវាស់បរិមាណនៃសម្ភារប្រើសម្រាប់អគារមួយ ហើយពួកគេចាំបាច់ត្រូវគណនាចំណាយទាំងអស់សម្រាប់ឲ្យអ្នកម៉ៅការបានដឹង»។

ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់និសិត្សថាតើគួររៀនអ្វីបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោក គៀម សៀកឡុង នាយកប្រតិបត្តិនៅក្រុមហ៊ុន Century 21 Dream Real Estate បានចែករំលែកបទពិសោធន៍ជាភ្នាក់ងារអចលនទ្រព្យរបស់គាត់ធ្វើមុនពេលគាត់បានក្លាយទៅជាបុគ្គលជោគជ័យមួយរូបក្នុងវិស័យនេះ។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្និន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់តាំងពីឆ្នាំ ២០០០ មកត្រឹម ៥ខែដំបូងនៃឆ្នាំ ២០១៩ ទុនវិនិយោគសំណង់បានកើនឡើងដល់ទៅ ៤៤.៦ ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងសរុបចំនួន ៤៥,២៦៥ គម្រោង។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]