តើការជួសជុលកែលម្អសំណង់អគារត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
មុននឹងចាប់ផ្តើមគម្រោងសាងសង់ណាមួយ ម្ចាស់គម្រោងត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទៅតាមប្រភេទ និងទំហំនៃគម្រោងសាងសង់របស់សំណង់អគារនោះ។ ចុះបើចង់ជួសជុលអគារដែលមានស្រាប់វិញ តើត្រូវសុំការអនុញ្ញាតជាមុនដែរឬទេ?
ការជួសជុសសំណង់ សំដៅដល់ការជួសជុលនូវចំណែកណាមួយនៃសំណង់ដែលខូចខាត ក៏ដូចជាការផ្លាស់ប្តូរចំណែកចាស់ទ្រុឌទ្រោមដែលបង្កនូវគ្រោះថ្នាក់។ បើតាមច្បាប់ស្តីសំណង់ឆ្នាំ ២០១៩ រាល់ការងារសាងសង់ ជួសជុល ឬ រុះរើ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។
ការជួសជុលនេះ ត្រូវធ្វើឡើងក្នុងគោលបំណងធានានូវសុវត្ថិភាព ភាពជឿទុកចិត្ត និងគុណភាពសំណង់ តាមរយៈការតាមដានត្រួតពិនិត្យរបស់អ្នកបច្ចេកទេសសំណង់លើការជួសជុលអគារនោះ។
ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជួសជុលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃសំណង់។
នីតិវិធីនៃការដាក់ពាក្យស្នើសុំ ត្រូវបានកំណត់នៅក្នុងប្រកាសលេខ០៧៤ ប្រក/អសណ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការអនុញ្ញាតជួសជុលសំណង់អគារ។
ចំពោះអគារដែលបានសាងសង់មុនឆ្នាំ ១៩៩៨ ការស្នើសុំជួសជុលអគារទាំងនោះ មិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ទេ។
ដោយឡែក ចំពោះអគារដែលបានសាងសង់ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ថ្ងៃចេញប្រកាសខាងលើនេះ ហើយគ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានទំនាស់ ស្ថាប័នមានសមត្ថកិច្ចអាចចេញលិខិតអនុញ្ញាតជួសជុលជូនម្ចាស់សំណង់បាន។ ប៉ុន្តែម្ចាស់សំណង់ទាំងនោះ ត្រូវធ្វើកិច្ចសន្យាធានា និងទទួលខុសត្រូវលើគុណភាពសំណង់ សុវត្ថិភាពអ្នកជិតខាង និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។
លើសពីនេះ ច្បាប់ក៏បានចែងថា រដ្ឋក៏មានសិទ្ធិជូនដំណឹងដល់ម្ចាស់សំណង់នៃអគារដែលចាស់ទ្រុឌទ្រោមខ្លាំងមិនអាចស្នាក់នៅបានឱ្យធ្វើការរុះរើ ឬជួសជុលជាបន្ទាន់ ដើម្បីធានាសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងករណីដែលម្ចាស់សំណង់មិនព្រមជួសជុល ក្រោយទទួលបានការជូនដំណឹង ២ដង ម្ចាស់សំណង់ត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬគ្រោះថ្នាក់ទាំងឡាយ ដែលកើតឡើងតាមច្បាប់ដែលមានចែងជាធរមាន។
គួរបញ្ជាក់ផងដែរថា ក៏មានករណីលើកលែងដែរ។ ការជួសជុលសំណង់អគារខ្លះមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតជួសជុលពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ។ សំណង់ទាំងនោះមានដូចជា សំណង់ធារាសាស្ត្រ សំណង់ស្ពានថ្នល់ សំណង់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងសំណង់ពាក់ព័ន្ធវិស័យការពារជាតិ។
ក្រៅពីនេះ ក៏នៅមានការជួសជុលតូចតាចផ្សេងៗ ទៀតដែលមិនចាំបាច់សុំការអនុញ្ញាត ដូចជាការកោសលាប ឬការសម្អាតខាងក្នុងអគារ និងការជួសជុលដែលមិនឱ្យប៉ះពាល់ដល់សំណង់ជិតខាង ឬសមត្ថភាពគ្រឿងផ្គុំសំណង់ជាដើម។

