តើប្រភេទដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្ដេច?

ក្នុងការរៀបចំទីក្រុង ឬទីប្រជុំជនមួយ រាជរដ្ឋាភិបាលបានបែងចែកប្រភេទដីសម្រាប់ប្រើប្រាស់ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងធានានូវសមធម៌នគរូបនីយកម្ម។

កន្លងមក គេបានឱ្យនិយមន័យនៃការអភិវឌ្ឍដី និងទម្រង់នៃការអភិវឌ្ឍដីទាំង១២ ចំណុចដែលទាមទារឱ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីជាមុនសិនពីអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម)

ដោយឡែក តាមរយៈអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន រាជរដ្ឋាភិបាល បានកំណត់ប្រព័ន្ធផែនការប្រើប្រាស់ដីនៅក្នុងប្រទេសកម្ពុជាជា ២ ប្រភេទសំខាន់ៗ គឺប្រភេទដីអាចសាងសង់បាន និងប្រភេទដីកម្រិតការសាងសង់។ តើប្រភេទទាំង ២ នេះខុសគ្នាយ៉ាងណាខ្លះ?

ក. ប្រភេទដីអាចសាងសង់បាន គឺប្រភេទដីដែលជំរុញឱ្យមានការអភិវឌ្ឍ និងការសាងសង់លើគ្រប់វិស័យ។ ប្រភេទដីអាចសាងសង់បាន ត្រូវបានបែកចែកជា ១០ តំបន់ធំៗ ដូចជា៖

១. តំបន់លំនៅឋាន
– តំបន់លំនៅឋានដាច់ពីគ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋានដែលមានទំហំតូចជាង ឬស្មើនឹង៥០% នៃដីឡូតិ៍ ហើយមានកម្ពស់ចាប់ពីជាន់ផ្ទាល់ដី ដល់ជាន់ទី២។
– តំបន់លំនៅឋានជាប់គ្នាកម្ពស់ទាប៖ សម្រាប់សាងសង់អគារលំនៅឋាន ឬផ្ទះល្វែងដែល មានជញ្ជាំងជាប់គ្នា និងមានកម្ពស់ជាអតិបរមា១២ ម៉ែត្រ។
– តំបន់លំនៅឋានកំពស់មធ្យម៖ សម្រាប់សាងសង់អគារលំនៅឋាន ផ្ទះល្វែង លំនៅឋានជាប់គ្នា អគារលំនៅឋានសហកម្មសិទ្ធិ ដែលមានកម្ពស់ជាអតិបរមាទាបជាង១១ ជាន់។
– តំបន់លំនៅឋានកំពស់ខ្ពស់៖ សម្រាប់សាងសង់ លំនៅឋានដែលមានកម្ពស់ខ្ពស់ ចាប់ពី១១ ជាន់ឡើងទៅ។
– តំបន់លំនៅឋានចម្រុះ៖ សម្រាប់សាងសង់អគារលំនៅឋានច្រើនប្រភេទ ដូចជា លំនៅឋានជាប់គ្នា លំនៅឋានពាក់កណ្តាលជាប់គ្នា លំនៅឋានដាច់ពីគ្នា អគារស្នាក់នៅ និងអគារលំនៅឋានសហកម្មសិទ្ធិជាដើម។

២. តំបន់ពាណិជ្ជកម្ម
– តំបន់ពាណិជ្ជកម្ម៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យពាណិជ្ជកម្ម ធុរកិច្ច និងសេវាកម្មនានា ដូចជាអគារការិយាល័យ ធនាគារ រោងកុន រោងល្ខោន ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់ដូរ ទីផ្សារ និងដេប៉ូចែកចាយទំនិញ។ល។
– តំបន់ពាណិជ្ជកម្មចម្រុះ៖ សំដៅដល់តំបន់ដែលមានមុខងារពាណិជ្ជកម្ម សម្រាប់បម្រើដល់លំនៅឋាន និងការស្នាក់នៅ មានដូចជាហាងលក់ដូរ ឬទីផ្សារតូចៗ និងសេវាកម្មដើម្បីផ្គត់ផ្គង់ ការរស់នៅរបស់អ្នកស្នាក់នៅ។

៣. តំបន់ឧស្សាហកម្ម
– តំបន់ឧស្សាហកម្ម៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យឧស្សាហកម្មខ្នាតធំដែលមានជាតិពុលខ្ពស់ ដូចជារោងចក្រ រោងសិប្បកម្មខ្នាតធំ ឃ្លាំង យានដ្ឋាន ។ល។ ហើយមិនអនុញ្ញាតឱ្យសាងសង់លំនៅឋាននៅតំបន់នេះឡើយ។
– តំបន់ឧស្សាហកម្មស្រាល៖ សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យឧស្សាហកម្មខ្នាតតូចដែលមានជាតិពុលតិច ឬ មធ្យម ដូចជារោងចក្រ រោងសិប្បកម្មខ្នាតតូច ឃ្លាំង យានដ្ឋាន។ល។ ហើយអាចអនុញ្ញាតឱ្យសាងសង់លំនៅឋាននៅតំបន់នេះបាន។
– តំបន់ឧស្សាហកម្មចម្រុះ៖ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យឧស្សាហកម្ម និងសេវាកម្ម ដែលមិនប៉ះពាល់បរិស្ថានខ្ពស់។ តំបន់នេះអាចអនុញ្ញាតឱ្យមានលំនៅឋាន និង អគារពាណិជ្ជកម្ម ដូចជា សាលារៀន មន្ទីរពេទ្យ សាកលវិទ្យាល័យ ភោជនីយដ្ឋាន រោងកុន ឃ្លាំង និងយាន្តដ្ឋានជាដើម។

៤. តំបន់ចម្រុះ សំដៅដល់តំបន់ដែលអាចប្រើប្រាស់ពហុមុខងារ សម្រាប់លំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម។

៥. តំបន់ដឹកជញ្ជូន៖ សម្រាប់សាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបម្រើដល់វិស័យដឹកជញ្ជូន និងគមនាគមន៍ជាអាទិ៍ ស្ថានីយរថភ្លើង ព្រលានយន្តហោះ កំពង់ចម្លង កំពង់ដ កំពង់ផែ ផែស្ងួត ឃ្លាំង មជ្ឈមណ្ឌលចែកចាយទំនិញ ភស្តុភារកម្ម និងមជ្ឈមណ្ឌលទូរគមនាគមន៍ជាដើម។

៦. តំបន់ទេសចរណ៍៖ សំដៅតំបន់សម្រាប់សាងសង់អគារបម្រើដល់វិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត។ល។

៧. តំបន់រដ្ឋបាល និងសេវាសាធារណៈ សម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យរដ្ឋបាលនិងសេវាសាធារណៈ ដូចជាទីស្តីការក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ សាលារៀន មន្ទីរពេទ្យ បណ្ណាល័យ មណ្ឌលសុខភាព ប្រៃសណីយ៍ ។ល។

៨. តំបន់លំហសាធារណៈ និងផ្ទៃបៃតង៖ សម្រាប់បម្រើដល់ការសម្រាក ការលំហែ ការកម្សាន្ត និងពិធីសាធារណៈនានា ដូចជាឧទ្យាន សួនច្បារ សួនសត្វ សួនកុមារ កន្លែងក្មេងលេង សួនយុវជន សួនមនុស្សចាស់។ល។

៩. តំបន់វប្បធម៌ និងសាសនា៖ សម្រាប់សាងសង់សំណង់ ដែលបម្រើដល់វិស័យប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ និងសាសនា ដូចជា ប្រាសាទ វត្តអារាម វិហារសាសនា សាលារៀន សារមន្ទីរ ទីលានកីឡា កន្លែងសិប្បកម្មចម្លាក់ សាលាឆទាន ពុទ្ធិកសាកលវិទ្យាល័យ។ល។

១០. តំបន់ផ្សេងៗ៖ មួយចំនួនទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង។

ខ. ប្រភេទដីកម្រិតការសាងសង់៖ សំដៅប្រភេទដីដែលគ្រប់គ្រងពិសេសចំពោះការសាងសង់។ ប្រភេទដីកម្រិតការសាងសង់ ត្រូវបានបែកចែកជា ៥តំបន់ធំៗដូចជា៖

១. តំបន់កសិកម្ម៖ សម្រាប់វិស័យកសិកម្ម ដូចជាវាលស្រែ ចម្ការ សួនបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ថ្នាលបណ្តុះកូនឈើ កន្លែងចិញ្ចឹមត្រី បង្គារ ក្តាម សិប្បកម្មបម្រើដល់កសិកម្ម ។ល។ តំបន់នេះ អាចសាងសង់លំនៅឋានរបស់កសិករបាន។

២. តំបន់ព្រៃឈើ៖ សំដៅដល់តំបន់ផ្ទៃព្រៃឈើ និងគម្របព្រៃឈើ ដែលត្រូវការពារ ថែរក្សា និងដាំបន្ថែម ដូចជាព្រៃស្រោង ព្រៃរបោះ ព្រៃការពារ ព្រៃអភិរក្ស ព្រៃលិចទឹក។ល។

៣. តំបន់ធនធានទឹក៖ សំដៅដល់តំបន់ផ្ទៃទឹក និងប្រភពទឹកដែលត្រូវថែរក្សា និងការពារ ដូចជាសមុទ្រ ទន្លេ ព្រែក ស្ទឹង អូរ ប្រឡាយ បឹង ទំនប់ សំណង់ធារាសាស្រ្ត។ល។

៤. តំបន់ការពារ៖ សំដៅដល់តំបន់ធម្មជាតិ និងទស្សនីយភាពដែលត្រូវការពារ ដើម្បីបម្រើឲ្យវិស័យបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ ការអប់រំ និងការកម្សាន្ត ដូចជាឆ្នេរសមុទ្រ ចំណីទន្លេ ភ្នំឧទ្យានជាតិ តំបន់ដី សើម តំបន់ជីវធម្មជាតិ។ល។

៥. តំបន់ផ្សេងៗ៖ មួយចំនួនទៀត ស្របតាមភូមិសាស្ត្រជាក់ស្តែង។

គម្រោងអភិវឌ្ឍ និងការសាងសង់នៅក្នុងតំបន់មានប្រភេទដីកម្រិតការសាងសង់ទាំងនេះ ត្រូវគោរពតាមនីតិវិធី ច្បាប់ និងតម្រូវឱ្យមានលិខិតអនុញ្ញាតប្តូរប្រភេទនៃការប្រើប្រាស់ដី ឱ្យទៅជាប្រភេទដីអាចសាងសង់បានជាមុនសិន។
មួយវិញទៀតសោត មានតែតំបន់កសិកម្មប៉ុណ្ណោះ ដែលមិនចាំបាច់ធ្វើការកែប្រែអោយទៅជាប្រភេទដីអាចសាងសង់បាន លើកលែងតែតំបន់ណាដែលមានអាជ្ញាធរមានសមត្ថកិច្ចបានកំណត់ដោយឡែក។

ជារួម ការបែងចែកប្រភេទដីសម្រាប់ប្រើប្រាស់នេះ នឹងជួយឱ្យប្រជាពលរដ្ឋ និងវិនិយោគិន យល់កាន់តែច្បាស់ពីប្រភេទដីដែលត្រូវអភិវឌ្ឍឱ្យចំគោលដៅ ប្រកបដោយគុណភាព ប្រសិទ្ធិភាព ចីរភាព និងសុខសុវត្ថិភាពសាធារណៈ។ ដូច្នេះមុននឹងសម្រេចចិត្តអភិវឌ្ឍដី អ្នកត្រូវសិក្សាឱ្យបានច្បាស់ថាការអភិវឌ្ឍត្រូវតាមតំបន់ឬទេ ដើម្បីជៀងវាងបញ្ហានៅពេលក្រោយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]