តើហ្គ្រេនភ្នំពេញនឹងប្រែមុខមាត់ទៅជាយ៉ាងណាក្រោយការលក់ឱ្យក្រុមហ៊ុនយក្សមួយនេះ?
ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.) ដែលជាក្រុមហ៊ុនមួយរបស់សម្ព័ន្ធជីប ម៉ុង គ្រុបដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា បានទិញហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី (Grand Phnom Penh International City ) ដែលត្រូវបានជឿជាក់ថាជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ចុះថ្ងៃទី ១៦ តុលា ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី នឹងធ្វើការកាន់កាប់ទ្រព្យសម្បត្តិនិងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី។
សេចក្តីជូនដំណឹងបានសរសេរថា៖ «ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ហើយយើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឱ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។
ទាក់ទងនឹងការទិញអាជីវកម្មនេះ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រាប់ព័ត៌មានបឋមដល់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំថា ក្រុមហ៊ុននឹងនាំយកគេហដ្ឋានដែលមានការរចនាថ្មី និងមានគុណភាពខ្ពស់ និងគម្រោងផ្សេងទៀតចូលទៅក្នុងទីផ្សារ។
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ បានមានប្រសាសន៍ថា៖ «ផែនការនាពេលអនាគតគឺដើម្បីនាំយកគេហដ្ឋានដែលមានការរចនាថ្មី និងមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ យើងក៏មានគម្រោងសាងសង់ផ្សារទំនើប និងអគារពាណិជ្ជកម្មផ្សេងទៀត ដើម្បីបម្រើដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេស»។
នៅពេលសួរអំពីគម្រោងដែលមានស្រាប់ក្នុងហ្គ្រេនភ្នំពេញ អ្នកគ្រប់គ្រងខាងលើបានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ដោយប្រើបទពិសោធន៍ដ៏រឹងមាំ និងយូរអង្វែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងអចលនទ្រព្យ។
ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយដែលលាតសន្ធឹងលើផ្ទៃដីប្រមាណជា ២៦០ ហិកតា ក្នុងសង្កាត់ឃ្មួញ នៃខណ្ឌសែនសុខ ដែលមានគម្រោងលំនៅដ្ឋាន ផ្សារទំនើប សួនទឹក និងគម្រោងជាច្រើនទៀត។
គម្រោងនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក YLP Group និងក្រុមហ៊ុន Ciputra Group របស់ឥណ្ឌូនេស៊ី ដោយប្រើទុនវិនិយោគប្រមាណ ៦០០ លានដុល្លារ មុនពេលត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី។
គួរបញ្ជាក់ថា ក្រុមហ៊ុនជីប ម៉ុង លែន ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ដោយសារគម្រោងអចលនទ្រព្យដែលមានគុណភាពខ្ពស់របស់ខ្លួន ជាពិសេស នៅក្នុងផ្នែកលំនៅដ្ឋាន។ ក្រុមហ៊ុននេះ បានបង្កើតគម្រោងអចលនទ្រព្យជាច្រើនរួមមាន ផាក លែន សែនសុខ ផាក លែន ៥៩៨ ផាក លែន ធីខេ និងគម្រោងជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនក៏ទើបនឹងបើកដំណើរការគម្រោងខុនដូដំបូងរបស់ខ្លួនគឺផាក លែន ខុនដូធីខេ។ (អានបន្ថែម)
រូបភាពផ្តល់ដោយ ជីប ម៉ុង គ្រុប
រូបភាពគោលដោយ nextcity.org
- Video Advertisement -