ទុនវិនិយោគលើវិស័យសំណង់ធ្លាក់ចុះក្នុងឆ្នាំ២០១៨ ខណៈសកម្មភាពសាងសង់នៅមមាញឹក

ទោះសកម្មភាពនៃការសាងសង់មិនមានការថមថយក្តី ក៏ប៉ុន្តែទុនវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះក្នុងឆ្នាំ២០១៨នេះ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

របាយការណ៍ខាងលើបានបង្ហាញថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងបានអនុម័តគម្រោងវិនិយោគចំនួន ២.៨៦៧ គម្រោង ឬស្មើទៅនឹងផ្ទៃក្រឡាប្រមាណជាង ១១លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥.២ពាន់លានដុល្លារអាមេរិក។ ទិន្នន័យសំណង់ទាំងនេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែលក្នុងនោះសម្រាប់ទុនវិនិយោគ គឺមានការធ្លាក់ចុះប្រមាណជា ១៨,៦៦ភាគរយ នេះបើធៀបទៅនឹងទុនវិនិយោគជាង ៦.៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៧។ សម្រាប់ចំនួនគម្រោងវិនិយោគវិញ គឺមានការធ្លាក់ចុះប្រមាណជា ៦.៤ភាគរយ បើធៀបទៅនឹងគម្រោងចំនួន ៣.០៥២ សម្រាប់ឆ្នាំ ២០១៧។

ការធ្លាក់ចុះនៃទិន្នន័យសំណង់ក្នុងឆ្នាំ ២០១៨ នេះគឺស្របទៅនឹងការព្យាករណ៍កាលពីពេលថ្មីៗរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានឲ្យដឹងដែរថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគឺនឹងឈានដល់វឌ្ឍន៍អចលនទ្រព្យដែលមានន័យថា គឺជាព្រឹត្តិការណ៍កើតឡើងញឹកញាប់ឆ្លុះបញ្ចាំងតាមរយៈកត្តាប្រជាសាស្ត្រនិងសេដ្ឋកិច្ចជាដើម ដែលនឹងអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការអចលនទ្រព្យ។ អានបន្ថែម

ម៉្យាងវិញទៀត ការថមថយនៃទិន្នន័យខាងលើ គឺដោយសារគម្រោងដែលបានអនុម័តពីមុនមកគឺកំពុងដំណើរការសាងសង់នៅឡើយ។ ក្នុងន័យនេះ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា កាលពីពេលថ្មីនេះបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា៖ «វិស័យសំណង់និងអចនលទ្រព្យអាចធ្លាក់ចុះព្រោះមកពីបច្ចុប្បន្នមានការសុំការសាងសង់ច្រើនដែលសាងសង់ច្រើន អញ្ចឹងហើយបើលក់មិនទាន់អស់គេក៏មិនបានសាងសង់ទៀតដែរ»។

យ៉ាងណាមិញ វិនិយោគិនល្បីៗផ្នែកវិស័យសំណង់នៅកម្ពុជានៅតែមានការជឿជាក់ខ្លាំងសម្រាប់វិស័យនេះដែលក្នុងនោះអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានឲ្យដឹងកាលពីពេលថ្មីៗនេះដែរថា «ការថយចុះនៃការវិនិយោគផ្នែកសំណង់ មិនមែនជាបញ្ហាធំទេព្រោះសេដ្ឋកិច្ចវាមាន Adjust (ផ្លាស់ប្តូរ) ខ្ពស់ហើយត្រូវធ្លាក់ចុះបន្តិច ឡើងបន្តិច នេះជាធម្មតាទេខាងសេដ្ឋកិច្ចគឺវាអញ្ចឹង»។

ជាងនេះទៅទៀត អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាលោក សន សៀប ក៏ធ្លាប់បានមានប្រសាសន៍ថា៖ «ទោះមានការសាងសង់ច្រើនក៏ពិតមែន បើយើងធៀបជាមួយទីក្រុងទំនើបៗគឺមានសក្តានុពលទៅមុនទៀតយ៉ាងហោចណាស់ក៏ ១០ ទៅ ២០ ឆ្នាំទៀតដែរ ព្រោះយើងមិនទាន់មានទីក្រុងទំនើបអគារខ្ពស់ៗអីច្រើននៅឡើយទេ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]