ទុនវិនិយោគវិស័យសំណង់ត្រឹម១ខែដំបូងនៃឆ្នាំ ២០១៩ កើនឡើង ១៧៨%
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទុនវិនិយោគក្នុងវិស័យសំណង់នៅប្រទេសកម្ពុជាគិតចំពោះត្រឹមតែខែមករា នៃ ឆ្នាំ២០១៩ មានរហូតដល់ទៅប្រមាណជា ៨២៩ លានដុល្លារអាមេរិក ដែលនេះគឺកើនឡើង ១៧៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការថ្លែងខាងលើនេះ ត្រូវបានលើកឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីភាពក្នុងវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍន៍គរូបនីយកម្មកម្ពុជា-ជប៉ុន” នៅឯសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។
ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ១០ ឆ្នាំ ពី ២០១០ ដល់ ២០១៩ មានប្រមាណ ៤៣ ៨៩៦ លានដុល្លារសហរដ្ឋអាមេរិក។ នៅខែមករា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៨២៩ លានដុល្លារ កើនឡើង ១៧៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨»។
ឯកឧត្តម បានបន្តទៀតថា ៖ «ក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ មានចំនួន ២ ៣០៧ ក្រុមហ៊ុន មានស្ថាបត្យករប្រមាណជាង ២ ៥០០ នាក់ និងមានវិស្វករប្រមាណជាង ៣០ ០០០ នាក់»។
ជាមួយនឹងការរីកចម្រើនដែលកំពុងមានសន្ទុះដ៏លឿននេះ ឯកឧត្តមក៏មើលឃើញពីតម្រូវការវិនិយោគជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថាន សេដ្ឋកិច្ច សង្គម ពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូនិងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងនិងរាវ លំហសាធារណៈនិងផ្ទៃបៃតង បរិក្ខាទីក្រុង ជាដើម។
- Video Advertisement -