ធនាគារពិភពលោក៖ ការថយចុះនៃសេដ្ឋកិច្ចចិន នឹងជះឥទ្ធិពលដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជា
រូបភាពដោយ អគ្គនាយកដ្ឋានពន្ធដារ
ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាគឺភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ប្រឈមនឹងហានិភ័យ នេះបើយោងតាមរបាយការណ៍នៃការធ្វើបច្ចុប្បន្នសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីសប្តាហ៍មុន។
ស្របពេលដែលធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ ធនាគារពិភពលោកក៏បានក្រើនរំលឹក អំពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារ ការបន្តកើនលើសលប់នៃវិស័យហិរញ្ញវត្ថុ និងការថយចុះរបស់ចិន។
របាយការណ៍នេះបានសរសេរថា៖ «ដោយសារតែកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើលំហូរទុនវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសចិន ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចចិន អាចបន្ថយក្តីសង្ឃឹមទុកនៃកំណើនសេដ្ឋកិច្ច» ហើយ «ការពន្យាការពង្រីកកំណើនឥណទានក្នុងស្រុក ដែលភាគច្រើនស្ថិតនៅពីក្រោយវិស័យសំណង់ និងអចលនទ្រព្យ បានធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការរីកខ្លាំងលើសលប់»។
«វាអាចប៉ះពាល់តិចតួចដោយសារ ចិនវិនិយោគច្រើនជាងគេ» អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយកក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានឲ្យដឹង។
ក៏ប៉ុន្តែ អ្នកនាងបន្ថែមទៀតថា៖ «ប៉ុន្តែ បើទោះបីជាថមថយក៏មិនដល់ចំណុចសូន្យដែរ ឧទាហរណ៍ វាអាចធ្លាក់ពី២៣ភាគរយ ទៅ ១៥ ភាគរយ»។
ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនកើនឡើង ស្មើនឹង១៣,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ២០១៨ ហើយជាងពាក់កណ្តាលនៃទុនវិនិយោគផ្ទាល់ពីបរទេស មានប្រភពពីប្រទេសចិន។ ក្នុងនោះ ជាងពាក់កណ្តាលត្រូវបានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន វិស័យទេសចរណ៍ និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។ អានបន្ថែម
របាយការណ៍នេះបានឲ្យដឹងទៀតថា ការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់វិស័យសំណង់ និងអចលនទ្រព្យនៅតែបន្តជំរុញការពង្រីកឥណទានក្នុងស្រុក ដែលរួមចំណែកប្រហែល ៤០ ភាគរយនៃកំណើនឥណទាន។
«ដោយសារវិស័យសំណង់ និងអចលនទ្រព្យងាយក្នុងការធ្លាក់ចូលក្នុងវដ្តស្ថានភាពឆាប់ប៉ោង ហើយឆាប់ផ្ទុះទៅវិញ ការកើនឡើងឥណទានក្នុងស្រុកទៅឲ្យវិស័យសំណង់ នឹងបង្កើនហានិភ័យថែមទៀត ដល់វិស័យហិរញ្ញវត្ថុ» របាយការណ៍បានបញ្ជាក់យ៉ាងដូចនេះ។
អ្នកនាង អាន សុធីតា យល់ថា៖ «វាអាស្រ័យទៅលើទីផ្សារ បើយើងនិយាយការិយាល័យដូចជាមិនមានបញ្ហាអីនោះទេ ហើយបើសិនជានិយាយពីទីផ្សារលក់រាយក៏មិនឃើញមានចិនមកដែរ ហើយទីផ្សារហ្អឹងគឺទីផ្សារអាចទទួលយកបាន» ។
«ចំពោះលំនៅដ្ឋាន (ខុនដូរ) វាអាចប៉ះពាល់តិចតួច ក៏ប៉ុន្តែ វាអាស្រ័យទៅលើគម្រោងដែរ ហើយប៉ះពាល់ក៏មិនខ្លាំងដែរ តែប៉ះពាល់ទៅលើតម្លៃជួលវាអាចធ្លាក់ចុះ។ ហើយបើផ្នែកបុរីរឹតតែមិនមានផលប៉ះពាល់ ដោយសារវាទ្រទ្រង់ដោយវិនិយោគិនក្នុងស្រុក» អ្នកនាង បានបន្ថែម។
តាមការឲ្យដឹងពីអ្នកនាង គម្រោងចិនភាគច្រើនគឺផ្តោតទៅលើការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន (៤០ភាគរយ) និងលំនៅដ្ឋាន (៦០ភាគរយ)។
- Video Advertisement -