ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹមតែ ២, ៥% ក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងធ្លាក់ចុះប្រមាណ២.៥ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារតែអសកម្មភាពនៃវិស័យទេសចរណ៍ និងសំណង់ដែលបណ្តាលមកការរីករាលដាលនៃជំងឺកូវីដ ១៩។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ចេញផ្សាយកាលពីថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា៖ «កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះប្រមាណ ២, ៥ ភាគរយ នៅឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បើផ្អែកលើសេណារីយ៉ូដើមគ្រា (baseline scenario)។ ការធ្លាក់ចុះនេះ ធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការប្រែប្រួលនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។»

របាយការណ៍ដដែលនេះ បានបង្ហាញថា៖ «ចំពោះបញ្ហានេះធ្វើឲ្យរងការប៉ះពាល់យ៉ាងខ្លាំង នៃក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ។»

គួរបញ្ចាក់ផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងប្រមាណ ៧,១ ភាគរយក្នុងឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក។

ទោះបីយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់ ៥,៩ ភាគរយ ក្នុងអំឡុងឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងទីផ្សារសំខាន់ៗនៅក្នុងប្រទេសចិន ដែលជះឥទ្ធិពលដល់សកម្មភាពរីកចម្រើនឡើងនៃសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំក្រោយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីដើមខែ មីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកគម្រោងសាងសង់នានានៅទូទាំងប្រទេសដែលមិនទាន់បើកការដ្ឋាន លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជាដើម្បីយកកម្លាំងប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ។ (អានបន្ថែម)

- Video Advertisement -