បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ
គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណកើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បានបញ្ជាក់ថាបន្ថែមថា នេះជាសញ្ញាវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខមួយនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាមិន ទាន់ខ្ពស់ដូចប្រទេសជិតខាងដូចជាថៃ និងវៀតណាមក្តី។
ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនសក្តានុពលផ្សេងទៀតកំពុងត្រៀម ដើម្បីធ្វើការបោះផ្សាយលក់មូលបត្រជាបន្តបន្ទាប់ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុនចំនួន៣ ដែលធ្វើការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក. គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានកៀរគរទុនបានប្រមាណ ៥,១លានដុល្លារ គិតត្រឹមថ្ងៃចុះបញ្ជីលក់ជាផ្លូវការ។
ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងបន្ថែមថា ភាគហ៊ុនមូលបត្រកម្មសិទ្ធិសាធារណៈ ហៅកាត់ IPO មានចំនួនជាង ១៩លានភាគហ៊ុន ស្មើនឹង៥,៨៨ភាគរយនៃភាគហ៊ុនក្រុមហ៊ុនសរុប ហើយតម្លៃក្នុងមួយហ៊ុនត្រឹមតែ ២.០៨០រៀលប៉ុណ្ណោះ។
បន្ថែមពីនេះ ក្រុមហ៊ុនគ្រោងប្រមូលទុនឱ្យបានចំនួន ១០លានដុល្លារ ដើម្បីវិនិយោគបន្ថែមទៀតទៅលើអគារសិក្សាឱ្យបាន ១៦០កន្លែងនៅគ្រប់រាជធានី-ខេត្ត ក្រុង ខណៈបច្ចុប្បន្ន អគារសិក្សាមានចំនួន១៦សាខា នៅក្នុងរាជធានី-ខេត្ត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លានដុល្លារ កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)
- Video Advertisement -