បន្ទប់រង់ចាំពិសេស តម្លៃ៥០លានដុល្លារ នៅអាកាសយានដ្ឋាន Changi បើកដំណើរការហើយ

ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airlines)​​បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge)​តម្លៃ៥០លានដុល្លារ ស្ថិតក្នុងអាកាសយានដ្ឋាន Changi នេះជាការបោះជំហានឆ្ពោះទៅកាន់ការដំណើរការឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស។​

ក្រុមហ៊ុន Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះមានតម្លៃ ៥០លានដុល្លារ ​ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៩។ សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងទី៣០ ខែឧសភា។

តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិតនៅស្ថានីយ៍អ្នកដំ​ណើរទីបី របស់អាកាសយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ។

ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah ក៏បានបន្ថែមទៀតថាការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុន Singapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។

លោក Peter Seah បន្តទៀតថា៖ “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ នឹងជួយពង្រឹងជំហរក្រុមហ៊ុនអាកាសចរណ៍ ឱ្យរិតតែមានភាពទាក់ទាញសម្រាប់អាកាសយានដ្ឋាន Changi ហើយយើងក៏នឹងផ្តល់នូវសេវាកម្មលំដាប់ពិភពលោកដល់អ្នកដំណើរ ទាំងអស់ដែលបានហោះហើរឆ្លងកាត់ប្រទេសសិង្ហបុរី”។

បន្ទប់រងចាំពិសេសនេះ ​មានផ្ទៃក្រឡាសរុប 6,100 ម៉ែត្រការ៉េ ដែលតូចជាងទំហំទីលានបាល់ទាត់តែបន្តិចប៉ុណ្ណោះ។

- Video Advertisement -