បើមានលិខិតអនុញ្ញាតិសាងសង់ហើយ តើត្រូវសុំលិខិតបើកការដ្ឋានទៀតទេ?
ម្ចាស់គម្រោងថ្មីភាគច្រើនតែងយល់ថា ក្រោយទទួលបានលិខិតអនុញ្ញាតិសាងសង់ហើយ គឺអាចបើកការដ្ឋានសាងសង់បានតែម្ដង ដោយមិនបាច់សុំលិខិតអ្វីទៀតទេ។ តើពិតឬទេ?
ក្នុងអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់ បានបញ្ជាក់ថា រាល់ការចាប់ផ្តើមដំណើរការសាងសង់សំណង់ថ្មី ការងារកែប្រែ ការងារដំឡើង និងការងាររុះរើ ត្រូវមានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ជាមុនសិន។
ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានមួយទៀតពីអគ្គនាយកដ្ឋានសំណង់ ឬពីគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅតាមទំហំនៃផ្ទៃក្រឡាសំណង់។
លើសពីនេះ ម្ចាស់សំណង់ ក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ផងដែរ មុននឹងបំបែកក្បាលដី សម្រាប់គម្រោងសាងសង់បណ្តុំផ្ទះល្វែង ឬបណ្តុំលំនៅឋានដែលស្ថិតនៅលើក្បាលដីតែមួយ។ (អានបន្ថែម)
នៅពេលស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់សម្រាប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវភ្ជាប់នូវឯកសារដូចជា៖
- លិខិតអនុញ្ញាតសាងសង់
- គម្រោងប្លង់គ្រឿងផ្គុំសំណង់
- ឯកសារសិក្សាភូព្ភសាស្ត្រ
- សៀវភៅបន្ទុកនៃការងារសាងសង់
- កិច្ចសន្យាម៉ៅការសំណង់
- ឯកសារបច្ចេកទេសផ្សេងៗទៀតសម្រាប់បម្រើឱ្យការងារសាងសង់
- ឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។
សម្រាប់ការងាររុះរើវិញ អ្នកដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារសំខាន់ៗដូចជា៖
- លិខិតអនុញ្ញាតសាងសង់
- លិខិតអនុញ្ញាតរុះរើ
- គម្រោងប្លង់គ្រឿងផ្គុំសំណង់
- គម្រោងប្លង់រុះរើ
- សៀវភៅបន្ទុកនៃការងាររុះរើ
- កិច្ចសន្យាម៉ៅការសាងសង់
- ឯកសារបច្ចេកទេសផ្សេងទៀតសម្រាប់បម្រើឱ្យការងាររុះរើ
- និងឯកសារបញ្ជាក់អំពីការចុះកិច្ចសន្យាធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានជាមួយក្រុមហ៊ុនធានារ៉ាប់រង។
យ៉ាងណាមិញ ការដ្ឋានសំណង់ដែលបានចាប់ផ្តើមដំណើរការ ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ លើស ពី0១ឆ្នាំ ត្រូវមានលិខិតបន្តសុពលភាពលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ មុននឹងបន្តដំណើរការសាង សង់ ឬរុះរើ។
អ្នកសាងសង់ ឬរុះរើណា ដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ហើយបណ្តាលឱ្យមានរបួស ឬសុខភាពដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ពី២០ ០០០ ០០០ រៀល ទៅ៤០ ០០០ ០០០ រៀល។
គួរបញ្ជាក់ផងដែរថា នៅពេលបញ្ចប់ការងារសាងសង់ ម្ចាស់សំណង់ត្រូវស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានសំណង់មួយទៀត ពីអាជ្ញាធរមានសមត្ថកិច្ច។
- Video Advertisement -