ប្រធាន CBRE ផ្តល់យុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ក្រោយការអូសបន្ថាយនៃវិបត្តិសាកល បច្ចុប្បន្នវិស័យទេសចរណ៍របស់កម្ពុជា បានលេចចេញជាសញ្ញាណនៃការងើបឡើងវិញ ទោះបីជាបញ្ហាប្រឈមនៅតែបន្តមាននៅលើផ្លូវឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងដូចកាលពីមុនវិបត្តិសាកលក៏ដោយ។ ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៥ លាននាក់ ប៉ុន្តែបានដាំក្បាលចុះមក មកត្រឹមចំនួន ១លាននាក់ នៅឆ្នាំ ២០២០។ ឆ្នាំបន្តបន្ទាប់ ចំនួនទេសចរមានការស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងដល់ជាង ២លាននាក់នៅឆ្នាំ ២០២២ និងរហូតមកទល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តួលេខបានកើនឡើងជិតដល់ ៥លាននាក់ ដែលនេះជាការបង្ហាញពីការងើបឡើងវិញដ៏រឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើននេះនៅតែមានឱនភាព ២៦% ទាបជាងស្តង់ដារឆ្នាំ ២០១៩។ ការបូកសរុបស្ថិតិទេសចរនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ដោយនាយក CBRE Cambodia កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

ទេសចរណ៍ពិតជាបានជួយជំរុញកំណើន GDPឡើងវិញ ប៉ុន្តែកំណើនមិនទាន់ដល់កម្រិតស្រង់ដើមនៅឡើយទេ៖ ការកើនឡើងដែលរំពឹងទុកនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាដល់ ៦,២% ក្នុងឆ្នាំ ២០២៣ គូសបញ្ជាក់អំពីតួនាទីសំខាន់នៃវិស័យទេសចរណ៍ដែលជាចំណុចស្នូលក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។

ជាក់ស្តែង កំណត់ត្រាចំណូលទេសចរណ៍អន្តរជាតិ បង្ហាញពីភាពខុសគ្នាខ្លាំងគួរឱ្យកត់សម្គាល់ដោយមានអត្រាទាបជាងដល់ទៅ ៧១% ពីចំនួន ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹមជាង ១,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២។

ការចំណាយប្រចាំថ្ងៃជាមធ្យមរបស់ទេសចរនៅទាបមិនច្រើនដូចមុន៖ សូចនាករសម្រាប់វិភាគវិស័យទេសចរដ៏សំខាន់មួយទៀត គឺការចំណាយប្រចាំថ្ងៃជាមធ្យមគិតក្នុងមួយដំណើរមកដល់ (Per Arrival) គឺនៅមានកម្រិតទាបយ៉ាងខ្លាំង គឺ ៦២% ធ្លាក់ចុះពី ១២០ ដុល្លារក្នុងម្នាក់ ក្នុងឆ្នាំ ២០១៩ មកនៅត្រឹមប្រហែលតែ ៥០ ដុល្លារដែលទេសចរម្នាក់ចំណាយ (គិតជាមធ្យម) ក្នុងឆ្នាំ ២០២២។

យុទ្ធសាស្ត្រពង្រីកឱកាសខណៈទេសចរណ៍កំពុងស្ទុះងើបឡើងវិញ៖ ថ្វីត្បិតតែស្ថិតិនិងកំណើនទេសចរណ៍នៅតែមានកម្រិតទាបខ្លាំង បើធៀបនឹងអត្រាកាលពីមុនវិបត្តិសាកលក្តី ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ចាប់តាំងពីចុងឆ្នាំ ២០២១ មក សកម្មភាពទេសចរកំពុងកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងការងើបឡើងវិញនៃចន្ទល់សេដ្ឋកិច្ចដ៏សំខាន់នេះ នៅក្នុងសិក្ខាសាលាអចលនទ្រព្យមួយកាលពីថ្ងៃទី ១២ ខែមករា  លោក Marc Townsend នាយក CBRE Cambodia​ បានស្នើយុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់ឱកាសថ្មីនេះ ដូចខាងក្រោម៖

១. ការធ្វើពិពិធកម្មទីផ្សារប្រភពទេសចរណ៍៖ កម្ពុជាបច្ចុប្បន្ន ដោយមានការទទួលស្គាល់ពីការធ្លាក់ចុះនៃភ្ញៀវទេសចរចិន ដូច្នេះក៏គួតែសម្លឹងមើលភ្ញៀវទេសចរពីជាតិសាសន៍ផ្សេងដូចជាឥណ្ឌាជាដើម ដែលជាសក្ដានុពលទីផ្សារដ៏ធំ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រភពទេសចរតែមួយទិសដៅ។

២. ការផ្សព្វផ្សាយ និងការធ្វើទីផ្សារ៖ ការបង្កើនសកម្មភាពផ្សព្វផ្សាយតាមបណ្តាញផ្សេងៗ ក្លាយជាកត្តាចាំបាច់សម្រាប់ប្រទេសកម្ពុជា ដើម្បីដណ្តើមបានជំហររបស់ខ្លួនឡើងវិញជាគោលដៅទេសចរណ៍លំដាប់កំពូល។

‌‌៣. ពង្រឹងនិងពង្រីកបទពិសោធន៍ទេសចរណ៍ឱ្យប្រសើរឡើងថែមទៀត៖ ការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យប្រសើរឡើង និងការធ្វើពិពិធកម្មសេវានិងផលិតផលទេសចរណ៍ គឺជាកត្តាសំខាន់ ធានានូវបទពិសោធន៍ដ៏សំបូរបែប ដែលជំរុញភ្ញៀវទេសចរឱ្យបន្តការស្នាក់នៅរបស់ពួកគេ និងរួមចំណែកបន្ថែមទៀតដល់សេដ្ឋកិច្ចមូលដ្ឋាននៅតាមតំបន់ទេសចរណ៍។

៤. ដោះស្រាយកង្វល់នៃការចំណាយ៖ ការយល់ដឹងច្បាស់លាស់អំពីកត្តាដែលជះឥទ្ធិពលដល់ការធ្លាក់ចុះនៃការចំណាយប្រចាំថ្ងៃរបស់ទេសចរគឺមានសារៈសំខាន់ណាស់។ ការយល់ដឹងនេះ នឹងបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាអតិបរមាពីដំណើរទស្សនកិច្ចរបស់អ្នកទេសចរម្នាក់ៗ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]