ប្រៀបធៀបការបញ្ចាំ និងហ៊ីប៉ូតែកលើអចលនវត្ថុ
អ្នកសុំកម្ចីភាគច្រើន យល់ថា ដើម្បីសុំកម្ចីពីធនាគារបានគឺត្រូវយកប្លង់ដី ឬផ្ទះ ទៅបញ្ចាំជាមួយធនាគារ។ ប៉ុន្តែ ជាក់ស្ដែង ការយកប្លង់អចលនទ្រព្យទៅធានាបំណុលជាមួយធនាគារ មិនមែនជាការបញ្ចាំទេ តែជាការដាក់ហ៊ីប៉ូតែក។ តើហ៊ីប៉ូតែក ខុសពីបញ្ចាំយ៉ាងដូចម្ដេច?
បើយោងតាមមាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ ។
ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។
ខាងក្រោមនេះ គឺមានលក្ខណៈដូចគ្នា និងខុសគ្នាដោយលម្អិត រវាងហ៊ីប៉ូតែក និងការបញ្ចាំ៖
លក្ខណៈដូចគ្នា
១) កម្មវត្ថុធានា៖
អចលនវត្ថុ ដែលអាចដាក់ជាទ្រព្យធានាសម្រាប់ការបញ្ចាំ ឬហ៊ីប៉ូតែកបាន លុះត្រាតែអចលវត្ថុនោះ បានចុះបញ្ចីនៅរដ្ឋបាលសុរិយោដី (ភាគច្រើនត្រូវតែជាប្លង់រឹង)
២) ការចុះបញ្ជីទ្រព្យដាក់ធានា៖
ទាំងកិច្ចសន្យាបញ្ចាំ ឬហ៊ីប៉ូតែកអចលនវត្ថុ គឺតម្រូវឱ្យធ្វើកិច្ចសន្យា ដោយត្រូវយកប្លង់ដី ឬប្លង់ផ្ទះនោះ ទៅឲ្យរដ្ឋបាលសុរិយោដីចារថា ដាក់បញ្ចាំ ឬដាក់ហ៊ីប៉ូតែក ឱ្យទៅបុគ្គលណាមួយ។
៣) ការដាក់លក់ដោយបង្ខំ៖
ក្នុងករណីដែលកូនបំណុលមិនអាចសងបំណុលបាន ម្ចាស់បំណុលអាចប្តឹងទៅតុលាការឱ្យដាក់លក់អចលវត្ថុនោះដោយបង្ខំ ដើម្បីយកលុយមកកាត់កងបំណុលនោះ។ ប៉ុន្តែ ម្ចាស់បំណុលមិនអាចលក់ទ្រព្យធានានោះដោយឯកតោភាគីបានទេ។ (អានបន្ថែម)
៤) ការរលត់នៃកិច្ចសន្យា៖
នៅពេលដែលកូនបំណុល បានសងគ្រប់ចំនួនទៅម្ចាស់បំណុល នោះកិច្ចសន្យាបញ្ចាំ ឬហ៊ីប៉ូតែក ត្រូវរលត់ដូចគ្នា តែត្រូវយកប្លង់ទៅលុបសិទ្ធិនៅរដ្ឋបាលសុរិយោដី។
លក្ខណៈខុសគ្នា
១) សិទ្ធិលើអចលនវត្ថុជាទ្រព្យធានា៖
ចំពោះការបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ទ្រព្យបញ្ចាំ ព្រមទាំងអាចទទួលបានផលប្រយោជន៍ដែលមានលើដី ឬផ្ទះនោះផងដែរ។ ប៉ុន្តែ ចំពោះហ៊ីប៉ូតែកវិញ ម្ចាស់បំណុលមិនកាន់កាប់ទ្រព្យធានាទេ ហើយម្ចាស់កម្មសិទ្ធិ នៅតែអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីដី ឬផ្ទះ របស់ខ្លួនជាប្រក្រតី។
២) ការកំណត់ការប្រាក់៖
មាត្រា៨៣៦ នៃក្រមរដ្ឋប្បវេណី បានចែងថា ការបញ្ចាំមិនតម្រូវឱ្យយកការប្រាក់ទេ ព្រោះម្ចាស់បំណុលអាចកាន់កាប់ និងអាស្រ័យផលពីទ្រព្យនោះរួចទៅហើយ។ ឧទាហរណ៍ បើជាដីចំការ ម្ចាស់បំណុលអាចប្រមូលផលពីចំការនោះ ជំនួសការប្រាក់ទៅហើយ។ ប៉ុន្តែ មាត្រា៨៣៧ នៃក្រមរដ្ឋប្បវេណី ក៏បានអនុញ្ញាតឱ្យយកការប្រាក់ដែរ ក្នុងករណីម្ចាស់បំណុលត្រូវចំណាយលើការគ្រប់គ្រងទ្រព្យបញ្ចាំ ជាជាងទទួលបានផលប្រយោជន៍។ ដោយឡែក សម្រាប់ហ៊ីប៉ូតែកវិញ កិច្ចសន្យាត្រូវបញ្ជាក់យ៉ាងច្បាស់ពីប្រាក់ដើម ការប្រាក់ និងប្រាក់ធនលាភផ្សេងៗ។
៣) ការកំណត់ថេរវេលា៖
អចលនវត្ថុមួយ អាចដាក់បញ្ចាំត្រឹម ០៥ ឆ្នាំ ប៉ុណ្ណោះ ហើយបន្តបានមិនលើសពី០៥ ឆ្នាំទៀត។ ដោយឡែក សម្រាប់ហ៊ីប៉ូតែកវិញ គឺមិនកំណត់រយៈពេលនោះទេ។ ហ៊ីប៉ូតែក នឹងរលត់នៅពេលកូនបំណុលសងបំណុលចប់សព្វគ្រប់។
៤) ចំនួនម្ចាស់បំណុល៖
យោងតាមមាត្រា៨៥១ នៃក្រមរដ្ឋប្បវេណី ការដាក់បញ្ចាំ គឺអាចដាក់បានជាមួយម្ចាស់បំណុលតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែម្ចាស់បំណុលអាចយកទ្រព្យទៅបញ្ចាំបន្តបាន។ ប៉ុន្តែសម្រាប់ហ៊ីប៉ូតែកវិញ គឺអាចធ្វើបានជាមួយម្ចាស់បំណុលច្រើននាក់។
សរុបសេចក្តីមក ហ៊ីប៉ូតែកត្រូវបានគេធ្វើឡើងជាញឹកញាប់ជាងការបញ្ចាំ ក្នុងកិច្ចសន្យាខ្ចីប្រាក់នានា។ ចំណុចសំខាន់មួយទៀតដែលត្រូវតែដឹងគឺ ការយកប្លង់ទៅដាក់ជាមួយធានាគារ ភាគច្រើនជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះគ្មានការផ្ទេរការកាន់កាប់ឡើយ ហើយធនាគារក៏គ្មានសិទ្ធិប្រើទ្រព្យនោះដែរ ។
- Video Advertisement -