ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ
ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។
ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការរៀបចំប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានបច្ចុប្បន្ននេះ គឺសម្រេចបាន ៦០ភាគរយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។
លោក Yee Con Long បានបញ្ជាក់ថា៖ «កាលពីម្សិលមិញ [៨ មករា] យើងទើបតែមើលការធ្វើបទបង្ហាញចុងក្រោយដោយអ្នកដេញថ្លៃដែលបានជ្រើសរើស ដូច្នេះក្នុងចំណោម ៥ ក្រុមហ៊ុន យើងបានជ្រើសរើស ៣ក្រុមហ៊ុន បន្ទាប់មក នៅថ្ងៃទី ២០ ខែមករា យើងនឹងចេញលិខិតប្រគល់សិទិ្ធដល់អ្នកម៉ៅការសម្រាប់ការសាងសង់»។
បើតាមលោក Yee Con Long អាកាសយានដ្ឋានដែលលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតានេះ នឹងត្រូវបែងចែកជា ៣ដំណាក់កាល ដែលដំណាក់កាលដំបូងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២។
លោកថ្លែងថា៖ “យើងនឹងចាប់ផ្តើមសាងសង់នៅតំបន់នោះ ដូច្នេះផែនការគ្រោងនឹងបញ្ចប់រាល់អ្វីៗគ្រប់យ៉ាងនៅខែកក្កដាឆ្នាំ ២០២២ ហើយបន្ទាប់មក យើងនឹងធ្វើការតេស្តសាកល្បងនិងប្រគល់ទទួល មុននឹងធ្វើការផ្ទេរបច្ចេកវិទ្យាប្រតិបត្តិការនៃព្រលានយន្តហោះនេះ”។
លោកបានបន្ថែមថា៖ “យើងនឹងចំណាយពេល ៦ខែ ក្នុងការតេស្តនិងប្រគល់ទទួលនេះ ដូច្នេះគោលដៅក្នុងការដាក់ឲ្យដំណើរការគឺនៅខែមករា ឆ្នាំ២០២៣ ដោយនេះគឺជាគម្រោងដែលមានល្បឿនលឿន ដូច្នេះពីពេលនេះទៅយើងនឹងចំណាយពេលរហូតដល់ខែធ្នូ ឆ្នាំ២០២២ ដូច្នេះវាមានរយៈពេល ៣ឆ្នាំ ដែលយើងត្រូវបញ្ចប់ដំណាក់កាលទី១ នៃព្រលានយន្តហោះ”។
លោក Yee Con Long បានឲ្យដឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរបានចំនួន ២៧ លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន OCIC និងអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ (អានបន្ថែម)
អាកាសយានដ្ឋាននេះ ក៏នឹងមានតំបន់សេដ្ឋកិច្ចលាតសន្ធឹងលើផ្ទៃដីជាង ១០០០ហិកតា និងមានអគារពាណិជ្ជកម្មក៏ដូចជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យផងដែរ។ (អានបន្ថែម)
- Video Advertisement -