ផ្លូវជនបទចំនួន ៥៥ខ្សែក្នុងខេត្តបន្ទាយមានជ័យរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់

ផ្លូវជនបទចំនួន ៥៥ខ្សែ មានប្រវែង ៥៨២.២៣៦ម៉ែត្រ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារ​គ្រោះ​ទឹកជំ​នន់។ នេះបើតាមការបញ្ជាក់របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹក​ភ្លៀង​នៅបន្ត​លិចបាន​បណ្តាល​ឱ្យ​ផ្លូវជនបទនៅ​ក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវ​កើនឡើង​ដល់ចំនួន ៥៥ខ្សែ ប្រវែង​៥៨២.២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង ១៥១.៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង ៣០.៥៧៥ម៉ែត្រ ហូរច្រោះ​ជើងទេរប្រវែង ១២៧.៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោកបានបន្ថែមថា ផ្លូវទាំង៥៥ខ្សែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅចំនួន​ ៨ខ្សែ ​​ស្រុកព្រះនេត្រព្រះចំនួន​​ ១៧ខ្សែ ស្រុកមង្គលបូរីចំនួន​ ៩ខ្សែ ស្រុកភ្នំស្រុកចំនួន ៣ខ្សែ​ ស្រុកស្វាយចេកចំនួន ៣ខ្សែ​ស្រុកថ្មពួកចំនួន ៦ខ្សែ ​ស្រុកម៉ាឡៃ​ចំនួន ២ខ្សែ ក្រុងប៉ោយប៉ែតចំនួន ១ខ្សែ និងក្រុងសិរីសោភ័ណចំនួន ៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣។

ជាមួយគ្នានេះផងដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងក្រុមការងារធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍​ត​ភ្ជាប់​ផ្លូវជនបទ​ឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រកក្នុងចំណុចភូមិសាស្ត្រ​ខេត្តបន្ទាយ​មាន​ជ័យ​។​

- Video Advertisement -