ផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ-ទល់ដែនវៀតណាមជ្រៃធំ ប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៣,៦គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ មីនានេះ បន្ទាប់ពីការសាងសង់បានបញ្ចប់កាលពីឆ្នាំ២០១៩។
ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តម Park Heung-kyeong ។
គម្រោងនេះចំណាយថវិកាសាងសង់ ប្រមាណ៦១លានដុល្លារ ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ការកសាងផ្លូវជាតិលេខ២១ ចែកចេញជា២ ដំណាក់កាល ដោយដំណាក់កាលទី១ ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ត្រូវបានសាងសង់នៅឆ្នាំ២០១៥ និងបញ្ចប់ នៅឆ្នាំ២០១៧ និងដំណាក់កាលទី២ ផ្លូវប្រវែង ៨,៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ និងបញ្ចប់នៅឆ្នាំ២០១៩។
សាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង HANSHIN Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន DASAN Consultants Co., Ltd ផ្លូវជាតិលេខ២១ ត្រូវបាន លើកកម្រិតគុណភាពទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួន។
ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ខ្សែផ្លូវទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

