ផ្លូវសំខាន់ៗ៤២ខ្សែ ក្នុងក្រុងកំពង់ចាមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្រកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ចាម។

នាពេលនោះ ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ រួមមាន៖ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង ៣១៩១៧ម៉ែត្រ នៅក្នុងសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺអាស្រ័យលើកត្តា ០២យ៉ាងសំខាន់ៗគឺ៖ ទី១ កត្តាអ្នកដឹកនាំ និង ទី២ កត្តាប្រជាពលរដ្ឋ។

ឯកឧត្តមចាត់ទុកថា ផ្លូវសំខាន់ៗទាំងនេះនឹងជួយសម្រួលដល់ការតភ្ជាប់ និងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ព្រមទាំងជួយលើកស្ទួយកម្ពស់ជីវភាពរស់នៅប្រកបរបរប្រចាំថ្ងៃឲ្យជីវភាពកាន់តែរីកចម្រើមឡើងបន្ថែមទៀត ។

គួរបញ្ជាក់ដែរថា បើតាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សមិទ្ធផលផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ពេលនេះរួមមាន ៖

១. ផ្លូវនៅក្នុងសង្កាត់បឹងកុក មានចំនួន ២៥ខ្សែ ប្រវែង ១១.៣៨៨ម៉ែត្រ ក្នុងនោះ ផ្លូវបេតុង ចំនួន ២០ខ្សែ ប្រវែង ៧.១០១ម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ១ខ្សែ ប្រវែង ៨៤០ ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៤ខ្សែ ប្រវែង ៣.៤៤៧ម៉ែត្រ ។

២. ផ្លូវនៅក្នុងសង្កាត់សំបួរមាស មានចំនួន ០៨ខ្សែ ប្រវែង១៥.៣៧៥ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ៣ខ្សែ ប្រវែង ៣.៩៨៥ម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ៦ខ្សែ ប្រវែង ១១.៨២៥ម៉ែត្រ។

៣. ផ្លូវនៅសង្កាត់វាលវង់ ចំនួន ០៥ខ្សែ ប្រវែង ៣.០៨៦ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូប្រភេទ AC ចំនួន ៤ខ្សែ ប្រវែង ២.៩៤១ម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ១៤៨ម៉ែត្រ ប្រវែង ១៥៦ម៉ែត្រ។

៤. ផ្លូវនៅសង្កាត់កំពង់ចាម ចំនួន ០៣ខ្សែ ប្រវែង ១.៤០០ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ៕

- Video Advertisement -