ផ្លូវសំខាន់១ខ្សែ ប្រវែងជិត៣០គីឡូម៉ែត្រ ក្នុងស្រុកកងមាស នឹងស្ថាបនារួចរាល់ឆាប់ៗនេះ

ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជិត៣០គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន៣ នៃស្រុកកងមាស នឹងលេចជារូបរាង នៅចុងឆ្នាំ២០២២ នេះ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ចាម កំពុងមមាញឹកជំរុញការងារស្ថាបនា។

នេះបើតាមកិច្ចចុះពិនិត្យការដ្ឋានសាងសង់ផ្លូវផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។

ក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ ធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។

ឯកឧត្តម ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការទាក់ទង យកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវសំខាន់១ខ្សែនេះរួចរាល់តាមការគ្រោងទុក។

គួរបញ្ជាក់ថា ផ្លូវ១ខ្សែ គឺជាផ្លូវក្រាលកៅស៊ូប្រភេទ DBST មានប្រវែង ២៧,៣៥០ម៉ែត្រ សាងសង់ឡើងក្រោមថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម។

ផ្លូវនេះ ឆ្លងកាត់ឃុំចំនួន ៣ រួមមាន ឃុំព្រែកកុយ កងតាណឹង និងឃុំសូគង នៃស្រុកកងមាស។

- Video Advertisement -