ផ្លូវសំខាន់៥ខ្សែ នៅខេត្តកំពង់ស្ពឺ បើកការដ្ឋានស្ថាបនា ខណៈស្ពានបេតុងថ្មីមួយត្រៀមបញ្ចប់
ផ្លូវខេត្តសំខាន់ៗ ចំនួន៥គម្រោង ដែលមានប្រវែងសរុបជិត ២០គីឡូម៉ែត្រ នៅខេត្តកំពង់ស្ពឺ បានប្រកាសបើកការដ្ឋានស្ថាបនាជួសជុលជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែមីនា នេះ ខណៈស្ពានបេតុងថ្មី ១ ខ្សែក៏ត្រៀមបញ្ចប់ការសាងសង់នៅខែឧសភា ខាងមុខនេះផងដែរ។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានលើកឡើងក្នុងពិធីបើកការដ្ឋានគម្រោងថា ការស្ថាបនាផ្លូវទាំង ៥ នេះគឺ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់សេដ្ឋកិច្ច។
ផ្លូវទាំង ៥ គម្រោងនេះ រួមមាន ៖
១ ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្បាលដីល្បាយថ្ម ប្រវែង ៣ ៣០០ម ស្ថិតក្នុងស្រុកគងពិសី ។
២ ផ្លូវខេត្តលេខ១៤៣ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២ ៦០០ម (បន្តពីស្ពានល្បឿនលឿន) ក្នុងស្រុកសំរោងទង ។
៣ ផ្លូវខេត្តលេខ១៤៤០ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២៩០០ម ក្នុងស្រុកឧដុង្ត ។
៤ ផ្លូវខេត្តលេខ១៤៤០ ក្រាលកៅស៊ូDBST (Reseal) ប្រវែង ៥,៨៧៤គម ទំហំ៣៥ ២៤៤ម២ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ។
៥ ផ្លូវជាតិលេខ៤៤ ក្រាលកៅស៊ូ ២ស្រទាប់ DBST(Reseal) ប្រវែង ៥គម ក្នុងក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧដុង្គ ។
ដោយឡែក ស្ពានបេតុងអំពែភ្នំ ប្រវែង៣៦ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ក៏ត្រូវបានចាក់បេតុងភ្ជាប់កម្រាលស្ពានហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំខាងមុខនេះ៕

