ផ្សារលក់ដុំខ្នាតធំដំបូងគេបើកលក់

អ្នកចូលចិត្តការដើរទិញទំនិញនៅក្នុងប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ក្នុងការទិញទំនិញបែបថៃ តាមរយៈការបើកដំណើរការនូវផ្សារម៉ាក្រូដែលជាផ្សារលក់ដុំខ្នាតធំដំបូងគេនៅកម្ពុជា។

ផ្សារម៉ាក្រូដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាផ្សារទំនើបលក់ដុំខ្នាតធំដំបូងគេនៅក្នុងប្រទេសកម្ពុជា បានបើកលក់ជាផ្លូវការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមហ៊ុន Siam Makro ដែលប្រតិបត្តិការផ្សារទំនើបនៅក្នុងប្រទេសថៃ ពេលនេះកំពុងស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ម៉ាក្រូខេមបូឌា ដែលជាសាខាផ្សារលក់ដុំប្រភេទ Cash-and-Carryស្តង់ដារអន្ដរជាតិមានទីតាំងនៅទីក្រុងពោងពាយ សង្កាត់ភ្នំពេញថ្មី ភាគពាយ័ព្យរាជធានីភ្នំពេញ។ កន្លែងទិញទំនិញដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដូចគ្នានឹងផ្សារទំនើបអ៊ីអនម៉ល២ ដែលនឹងបើកដំណើរការនាពេលឆាប់ៗ និងផ្សារ E-Mart របស់កូរ៉េដែលចាប់ផ្តើមសាងសង់។

ផ្សារនេះមានកន្លែងលក់ទំហំ ១០,០០០ម៉ែត្រការ៉េលើអគារចំនួន២ជាន់ ដែលសាងសង់លើផ្ទៃដីទំហំ ៥ហិកតា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយមុនការបើកសម្ពោធ ផ្សារនេះអាចចតយានយន្តបានជាង ៥០០គ្រឿង។

ម៉ាកម៉ាក្រូបានចូលក្នុងទីផ្សារកម្ពុជាក្នុងនាមជា ម៉ាក្រូខេមបូឌា តាមរយៈការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Siam Makro របស់ថៃ និងក្រុមហ៊ុន LYP Group Company Limited របស់កម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន Siam Makro បានវិនិយោគទឹកប្រាក់ចំនួន ២លានដុល្លារដែលតំណាងឱ្យ ៧០ភាគរយថ្លៃចំណាយរបស់គម្រោង ចំណែកក្រុមហ៊ុន LYP Group របស់ឧកញ៉ា លី ​យ៉ុងផាត់ សេដ្ឋីកម្ពុជានិងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សកំពុងកាន់អំណាចផងនោះ ជាអ្នកកាន់ភាគហ៊ុនដែលនៅសល់។ ក្រុមហ៊ុននេះក៏កំពុងអភិវឌ្ឍន៍ទីក្រុងបឹងពោងពាយ ដែលផ្សារនេះស្ថិតនៅ និងដែលក្លាយជាទីក្រុងរណបនាពេលអនាគតផងដែរ។

ហាងលក់ដុំដែលត្រូវបានសាងសង់ឡើងដោយក្រុមសាងសង់ជាង២០០នាក់នេះ មានបំណងក្លាយជាហាងឃ្លាំងទំនិញដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយផ្តល់ជូននូវផលិតផលអាហារនិងផលិតផលមិនមែនអាហារជាច្រើនប្រភេទពីទូទាំងពិភពលោកសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករផ្តល់សេវាកម្មម្ហូបអាហារដើម្បីបំពេញស្តុកអាជីវកម្មរបស់ពួកគេបានយ៉ាងងាយស្រួល។

ផ្សារនេះនាំមកនូវគំនិតនៃហាង Cash-and-Carry មកកាន់ប្រទេសកម្ពុជាជាលើកដំបូង ដែលវាស្រដៀងទៅនឹងហាងលក់ដុំ Costco របស់អាមេរិក និង Metro របស់អាល្លឺម៉ង់ តែសមាជិកភាពរបស់ហាងទាំងនេះមានការរឹតត្បិតជាងផ្សារម៉ាក្រូ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានរបស់ ម៉ាក្រូខេមបូឌា លោកស្រី SuchadaI thijarukul នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro បានមានប្រសាសន៍ថា ផលិតផលទាំងអស់ដែលមាននៅក្នុងផ្សារម៉ាក្រូត្រូវឆ្លងកាត់ស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹងនៅក្នុងខ្សែសង្វាក់ផលិតកម្មចាប់ពីកសិកររហូតដល់រោងចក្រនិងផ្សារទំនើប។ លោកស្រីបានសង្កត់ធ្ងន់ថា “នោះគឺជាការប្តេជ្ញាខ្ពស់របស់យើងក្នុងការបម្រើអតិថិជនទាំងអស់ដោយយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ពួកគេ”។

ផ្សារលក់ដុំនេះបានកំណត់គោលបំណងដ៏ធំរបស់ខ្លួន ក្នុងការពង្រីកសាខាឱ្យបានចំនួន៩ បន្ទាប់ពីផ្សារដំបូងទទួលបានភ្លើងបៃតងពីអតិថិជនរបស់ខ្លួន។

បច្ចុប្បន្នរាជធានីភ្នំពេញមានទីផ្សារឯកជនចំនួន៣២ និងទីផ្សារគ្រប់គ្រងដោយរដ្ឋចំនួន២៥ ប៉ុន្តែមានផ្សារទំនើបខ្នាតធំតែ២ប៉ុណ្ណោះ។ ឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញបានលើកឡើងក្នុងពិធីបើកការដ្ឋានផ្សារម៉ាក្រូកាលពីខែឧសភា ឆ្នាំ២០១៧ថា “ផ្សារម៉ាក្រូថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការងារសម្រាប់កសិករនិងឧស្សាហកម្មផលិតកម្មម្ហូបអាហារ ព្រមទាំងលើកស្ទួយស្តង់ដារសុវត្ថិភាពចំណីអាហារ។”

ផ្សារលក់ដុំខ្នាតធំដំបូងគេនេះមានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលលូតលាស់យ៉ាងឆាប់រហ័ស និងតំបន់ដែលតម្លៃអចលនទ្រព្យកំពុងកើនឡើងយ៉ាងលឿន។ លោក ហូ វាសនា អភិបាលរងខណ្ឌសែនសុខ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមរយៈការអភិវឌ្ឍផ្សារនេះ “វាបានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍប្រទេស”។

លោកក៏បានចង្អុលបង្ហាញថា ក្រៅពីចំនួនបុរីជាច្រើនដែលកំពុងត្រូវបានសាងសង់ ខណ្ឌសែនសុខ ក៏ជាទិសដៅសក្តានុពលដ៏ខ្លាំងសម្រាប់ម៉ាកយីហោអន្តរជាតិធំៗផងដែរ។

ក្រុមហ៊ុន CP All Pcl ដែលជាហាងលក់រាយផ្តល់ភាពងាយស្រួលដ៏ធំបំផុតនៅប្រទេសថៃ គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនថៃ Siam Makro ដែលជាហាងលក់រាយប្រភេទ Cash-and-Carry ។ តាមគេហទំព័ររបស់ក្រុមហ៊ុន Siam Makro បានឱ្យដឹងថា ក្រុមហ៊ុនថៃនេះបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយមានដើមទុនវិនិយោគចំនួន ៧៥០លានបាត (២៣លានដុល្លារអាមេរិក) ដើម្បីដំណើរការមជ្ឈមណ្ឌលលក់ដុំសម្រាប់សមាជិកក្រោមឈ្មោះម៉ាក្រូ។

នៅដើមឆ្នាំ២០១៦ លោកស្រី SaowaluckThitaphant ប្រធានមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Siam Makro បានប្រាប់បាងកកប៉ុស្តិ៍ថា ក្រុមហ៊ុន Siam Makro មានបំណងចំណាយប្រាក់ចំនួន៦ប៊ីលានបាត (១៧២លានដុល្លារអាមេរិក) នៅឆ្នាំ២០១៦ ដើម្បីបើកហាងចំនួន២០ នៅប្រទេសថៃនិងចំនួន ៣ប៊ីលានបាត (៨៦លានដុល្លារអាមេរិក) ដើម្បីពង្រីកទៅកាន់កន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដែលអាចជាប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]