ពីឆ្នាំ២០១៦-២០១៩ កម្ពុជាទទួលជំនួយសរុបជាង ៥៥០ លានដុល្លារពីជប៉ុន

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០១៦-២០១៩) ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ សរុបជាងចំនួន ៥៥០ លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដែលភាគច្រើននៃជំនួយនោះ គឺសម្រាប់ការស្ដារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

របាយការណ៍បូកសរុបនេះ បានធ្វើឡើងក្នុងជំនួបលាគ្នារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Hidehisa Horinouchi កាលពីថ្ងៃទី ២១ សីហា កន្លងមកនេះ ក្នុងខណៈដែលឯកឧត្តម Hidehisa Horinouchi បញ្ចប់អាណត្តិនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា។

របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមជំនួយសរុបទាំងអស់ មានចំនួន ១៥០ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនី ជាដើម។

ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួនជាង ៤០០ លានដុល្លារ គឺជាឥណទានសម្បទាន ដែលកំពុងចំណាយទៅលើគម្រោងធំៗជាច្រើនដូចជា ការស្តារនិងពង្រីកផ្លូវជាតិលេខ ៥ គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ក៏ដូចជាគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា គម្រោងពង្រីកនិងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជា ស្នាដែជំនួយដ៏ធំនិងល្បីល្បាញមួយរបស់ជប៉ុនដល់កម្ពុជា។ គម្រោងពង្រីកកំពង់ផែស្វយ័តនេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅចុងឆ្នាំ២០១៩ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន កាលពីខែ មិនា កន្លងមកនេះ។ (អានបន្ថែម)

ក្រោយការសាងសង់រួចនៅដើមឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១.២៩លានTEUs/ឆ្នាំ។ (អានបន្ថែម)

ទន្ទឹមនឹងនេះ គម្រោងពង្រីកផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅប៉ោយប៉ែត ក៏ជាគម្រោងរបស់រដ្ឋាភិបាលជប៉ុនដ៏ធំមួយដែលកំពុងដំណើរការផងដែរ ដែលគម្រោងនេះប្រើប្រាស់ថវិកាឥណទានជាង ៥០០ លានដុល្លារអាមេរិក។ (អានបន្ថែម និង បន្ថែម)

គម្រោងទាំងមូលមាន ៤ ដំណាក់កាល កំណាត់ពីបាត់ដំបង-សិរីសោភ័ណ កំណាត់ព្រែកក្តាម-ធ្លាម្អម កំណាត់ពោធិ៍សាត់-បាត់ដំបង និង ចុងក្រោយកំណាត់ពីខេត្តបន្ទាយមានជ័យ-ប៉ោយប៉ែត។

យោងតាមរបាយការណ៍ដដែលនេះ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ ទំហំនៃការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជាបានកើនឡើងដល់ទៅប្រមាណ ៥០០ លានដុល្លារអាមេរិក ខណៈដែលការនាំចេញរបស់កម្ពុជាទៅជប៉ុនមានទំហំជាង ១៧០០ លានដុល្លារអាមេរិក។

- Video Advertisement -