ព្រលានយន្តហោះតារាសាគរនឹងបើកឱ្យធ្វើការហោះហើរសាកល្បងមុនខែមីនាឆ្នាំ២០២១
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង នៅតែបន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។
នេះបើយោងតាមរបាយការណ៍ដំណើរចុះពិនិត្យការដ្ឋានរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលានេះ។
ក្នុងបេសកម្មចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើរបាយការណ៍នៃការសាងសង់ដែលរាយកាណ៍ដោយក្រុមហ៊ុន Union Development Group (UDG) ក៏ដូចជាចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្ទាល់ផងដែរ។
ក្រុមការងារសម្រេចចេញជាកាលបរិច្ឆេទសំខាន់ៗមួយនេះដូចជា៖
– ការរៀបចំធ្វើ សុពលភាពហោះហើរ (Flight Validation) គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០
– បញ្ចប់ សុពលភាពហោះហើរ (Flight Validation) នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២១
– ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១
– ធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
– ទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
– ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
– សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន និងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន ពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២១
គួរបញ្ជាក់ផងដែរ តាមផែនការ គម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និង អ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម)
ព្រលានយន្តហោះនេះ ជាផ្នែកមួយនៃគម្រោងតំបន់វិស្សមកាលតារាសាគរ តម្លៃរាប់ពាន់លានដុល្លារ ដែលថ្មីនេះបានក្លាយជាប្រធានបទក្ដៅគគុកមួយ ក្រោយសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអនុវត្តគម្រោងនេះ ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ ការដាក់ទណ្ឌកម្ម រួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ (អានបន្ថែម)
ជាការពិតគម្រោងនេះ កន្លងមកតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន (អានបន្ថែម)។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ (អានបន្ថែម)



- Video Advertisement -