ភូមិវប្បធម៌កម្ពុជានៅសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុងនៅខែក្រោយ
រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅដើមខែវិច្ឆិកា នេះ បន្ទាប់ពីជួបប្រទះបញ្ហាកូវីដ ១៩ ដែលនាំមកនូវការថយចុះចំនួនភ្ញៀវចូលមកទស្សនា។
សេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១១ ខែតុលា របស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជាបានឱ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ0១៩ ជាច្រើនខែមកនេះ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនាមានការថយចុះជាគំហុក និងធ្វើឱ្យអាជីវកម្មមួយនេះជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង។
ហេតុដូច្នេះហើយ ក្រុមហ៊ុននឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ២០២០ តទៅ។ ហើយការបិទអាជីវកម្មនេះទៀតសោត ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីការងារ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ ក្រុមកម្មករ ក៏បានតវ៉ាសុំទាមទារឱ្យនិយោជកនៃរមណីយដ្ឋានមួយនេះ ជួយដោះស្រាយបញ្ហាចំនួន ៣ លក្ខខណ្ឌ រួមមាន ការចរចាអនុសញ្ញារួមជាមួយសហជីព ការទាមទារប្រាក់ថ្លៃអាហារ ២៥ ដុល្លារប្រចាំខែ និងប្រាក់ខែ ២០% ដែលនិយោជកបានកាត់ពីកម្មករផងដែរ។ នេះបើយោងតាមសារព័ត៌មាន RFI ចុះថ្ងៃទី ២៦ សីហា ២០២០។
យ៉ាងណាមិញ កាលពីថ្ងៃទី ២២ កញ្ញា កន្លងទៅ អភិបាលខេត្តសៀមរាប ក៏បានចេញលិខិតក្នុងការជួយដោះស្រាយវិវាទ រវាងនិយោកជិត និងនិយោកជក នៃរមណីយដ្ឋានភូមិវប្បធម៌កម្ពុជានេះផងដែរ។

