មកសិក្សាថាតើអ្នកជាអ្នកវិនិយោគប្រភេទណា ហើយគួរវិនិយោគលើអចលនទ្រព្យអ្វីទើបចំណេញ?
ក្នុងស្ថានភាពសេដ្ឋកិច្ចដែលកំពុងរងសម្ពាធពីវិបត្តិកូវីដដូច្នេះ ទោះជាមានសាច់ប្រាក់ក្នុងដៃច្រើនក្ដី ពេលចង់វិនិយោគម្ដងៗ ក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងឆ្នាំ ២០២១ នេះ។
លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានបង្កើបគន្លឹះថា ក្នុងកាលៈទេសៈបែបនេះ មុននឹងវិនិយោគត្រូវសិក្សាសិនថាខ្លួនជាអ្នកវិនិយោគប្រភេទណា ទើបវិនិយោគត្រូវ ហើយចំណេញ។
លោកបានបែងចែកអ្នកវិនិយោគជា ៣ ប្រភេទធំៗ គឺ អ្នកវិនិយោគដែលប្រថុយប្រថានខ្ពស់ មធ្យម និងទាប ដែលពួកគាត់មានអត្តចរិកវិនិយោគផ្សេងៗនេះ ហើយស័ក្ដសមនឹងអចលនទ្រព្យប្រភេទខុសគ្នា និងនៅទីតាំងខុសគ្នាផងដែរ។
ប្រភេទទី ១ គឺអ្នកវិនិយោគដែលប្រថុយប្រថានទាបដែលរំពឹងផលចំណេញពី ១០% ទៅ ១៥%។ អ្នកវិនិយោគប្រភេទនេះ ចូលចិត្តទៅវិនិយោគលើអចលនទ្រព្យដែលមានសំណង់ស្រាប់ ដូចជាបូរី ខុនដូ ផ្ទះល្វែង ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍរួចហើយ ពោលគឺភាគច្រើនលើលំនៅដ្ឋាន ឬសំណង់ដែលអាចធ្វើអាជីវកម្មបាន។ ពួកគេមិនចង់មានហានិភ័យ ដោយគិតថាបើមិនចំណេញក៏មានផ្ទះស្នាក់អាស្រ័យ ធ្វើអាជីវកម្ម ឬជួលឱ្យគេក៏បានដែរ។ ឧទាហរណ៍ សម្រាប់ទីក្រុងភ្នំពេញ អ្នកវិនិយោគប្រភេទនេះ គួរវិនិយោគនៅភាគខាងលិច ឬភាគខាងជើង ដែលជាតំបន់អភិឌ្ឍរួចហើយ ដោយតម្លៃគឺមិនថ្លៃខ្លាំងដូចនៅក្នុងកណ្ដាលក្រុងនោះទេ។
ប្រភេទទី ២ គឺអ្នកវិនិយោគដែលប្រថុយប្រថានមធ្យម ដែលភាគច្រើនរំពឹងផលចំណេញពី ២០% ទៅ ៣០% ក្នុងឆ្នាំ។ អ្នកវិនិយោគប្រភេទនេះ ភាគច្រើនវិនិយោគក្នុងតំបន់ដែលកំពុងអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា គម្រោងធ្វើផ្សារ ធ្វើផ្លូវ ធ្វើស្ពានជាដើម។ ពួកគាត់ចូលចិត្តទៅទិញអចលនទ្រព្យ ដែលភាគច្រើនជាដី នៅជិតគម្រោងដែលកំពុងអភិវឌ្ឍទាំងនោះ ដោយរំពឹងផលចំណេញនៅពេលអនាគតរយៈពេលខ្លី។
ឧទាហរណ៍ដូចជា ទិសខាងត្បូងនៅរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ តំបន់គម្រោង ING តំបន់ព្រលានយន្តហោះថ្មី និងតំបន់ក្រវាត់ក្រុងទី៣ ជាដើម។ គម្រោងទាំងអស់ហ្នឹង សុទ្ធតែកំពុងតែអភិវឌ្ឍដែលទាក់ទាញអ្នកវិនិយោគប្រភេទទី ២។
ប្រភេទទី ៣ គឺជាអ្នកវិនិយោគដែលប្រថុយប្រថានខ្ពស់ គាត់សម្លឹងមើលផលចំណេញចន្លោះពី ៥០% ទៅ ១០០% ក្នុងមួយឆ្នាំ។ អ្នកវិនិយោគប្រភេទនេះ ចាត់ទុកថាជាអ្នកជំនាញ ពោលគឺពួកគាត់មើលឃើញសក្ដានុពលមុន។ ពួកគាត់ដឹងមុន ដោយសារពួកគាត់សិក្សា ហើយទទួលបានព័ត៌មានពីច្រើនមជ្ឈដ្ឋានយកមកវិភាគ និងគណនា។ ភាគច្រើនគាត់ទៅវិនិយោគនៅ តំបន់ណាដែលគម្រោងបម្រុងនឹងបង្ហាញខ្លួន។
ឧទាហរណ៍ដូចជា ភាគខាងកើតនៃភ្នំពេញ អ្នកវិនិយោគប្រភេទទី ៣ គឺគាត់ទៅវិនិយោគទុកមុនយូរហើយ តាំងពីគម្រោងស្ពានអរិយក្សត្រមិនទាន់មានដំណឹងទៅទៀត។ ឥឡូវពួកគាត់គឺត្រូវប៉ាន់ ហើយនិងបន្តត្រូវប៉ាន់បើគម្រោងចាប់ផ្ដើមពិតមែន។ ដូចគ្នានេះ អ្នកដែលបានទៅវិនិយោគនៅកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ ៤១ ៤៤ និង៥១ មុនតំបន់នោះល្បី ពួកគាត់គឺត្រូវហ៊ានប្រថុយខ្ពស់។
ជាសរុប អ្នកវិនិយោគទាំង ៣ មិនមានមួយណាល្អជាងមួយណាទេ ឱ្យតែចេះវិនិយោគមិនទុកលុយចោល គឺល្អដូចគ្នា។ ហើយអ្នកស្ថិតក្នុងប្រភេទណា គឺអាស្រ័យលើចរន្តសាច់ប្រាក់ អត្តចរិក បន្ទុកដែលអ្នកមាន និងជាពិសេសចំណេះដឹង ក៏ដូចជាព័ត៌មានទាក់ទិននឹងគម្រោងធំៗ។
ថាបានម្យ៉ាងទៀតថា អ្នកវិនិយោគប្រភេទទី ១ និង ទី២ ភាគច្រើនគឺដើរពីក្រោយសេដ្ឋកិច្ច ពោលគឺពួកគាត់ចាំឱ្យសេដ្ឋកិច្ចរីកចម្រើននៅតំបន់ណាមួយសិន ទើបទៅវិនិយោគ។ តែបើប្រភេទទី ៣ វិញ គឺពួកគាត់ដើរមុនសេដ្ឋកិច្ច។
ដូច្នេះបើអ្នកមានសាច់ប្រាក់មិនសូវច្រើនក្នុងការប្រថុយ ការវិនិយោគប្រភេទទី១ គឹស័ក្ដសមសម្រាប់អ្នក។ ដោយឡែក ប្រើអ្នកមានចរន្តសាច់ប្រាក់បង្គួរ ហើយហ៊ាន និងចង់ចំណេញច្រើន អ្នក គឺជាអ្នកវិនិយោគប្រភេទទី ២។ តែបើអ្នកមានចំណេះដឹងខ្ពស់ផ្នែកនេះ មានសាច់ប្រាក់ច្រើន និងហ៊ាន អ្នកគួរវិនិយោគលើប្រភេទទី៣។
- Video Advertisement -