មន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីនីតិវិធី និងបែបបទនៃការធ្វើអធិការកិច្ចសំណង់។

ការធ្វើអធិការកិច្ចសំណង់ គឺធ្វើឡើងដើម្បីគ្រប់គ្រង់ការអភិវឌ្ឍអចលនវត្ថុឱ្យមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់រាល់អំពើខុសច្បាប់ស្តីពីនគរូបនីយកម្ម និងសំណង់។

បើយោងតាមច្បាប់ស្តីពីសំណង់ មន្ត្រីអធិការកិច្ចសំណង់ទាំងនោះ មានសិទ្ធិត្រួតពិនិត្យ បញ្ឈប់ ដកហូតលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធជាបណ្តោះអាសន្ន ក៏ដូចជាពិន័យអន្តរការណ៍ ក្នុងករណីអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តខុសច្បាប់សំណង់។

បន្ថែមពីនេះ មន្ត្រីទាំងនេះ មានសិទ្ធិអំណាចក្នុងការចាប់យកវត្ថុតាង និងកសាងសំណុំរឿងនៃបទល្មើសសំណង់ និងចាត់វិធានការផ្សេងៗនៅក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់ផងដែរ។

- Video Advertisement -