មន្ត្រីជំនាញ និងជាងសំណង់ជ័យលាភីពីការប្រកួតជំនាញ អេស៊ីជី ឆ្នាំ២០១៩ អំពាវនាវឲ្យ យុវជនងាកមករៀនជំនាញដែលទីផ្សារត្រូវការ

រាជធានីភ្នំពេញ, ថ្ងៃទី២៨ វិច្ឆិកា ២០១៩ មន្ត្រីជំនាញ​ជាន់ខ្ពស់ និង​មេជាង​សំណង់​ដែល​ឈ្នះ​ជ័យ​លាភី​ពីការប្រកួត​ប្រជែង​ជំនាញរបស់​ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ​២០១៩ បាន​លើក​ទឹកចិត្ត​ឲ្យ​​យុវជន​នាំ​គ្នា​រៀនជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ ដែលទីផ្សារ​ការងារ​កំពុង​ត្រូវការ ក្នុង​នោះរួមទាំង​ជំនាញ​ផ្នែក​សំណង់។

លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋាន​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET) នៃ​ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ មាតា​បិតា អាណាព្យាបាល​ សហគមន៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ បញ្ជូន​កូនចៅ​ឲ្យ​ចូលរៀន​នៅក្នុង​
វិស័យ​អប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​ឲ្យមាន​ជំនាញ​មួយពិតប្រាកដ។

លោក​អគ្គនាយក ហ៊ីង ស៊ីដេត ថ្លែង​យ៉ាង​ដូច្នេះ​ថា «កាលណា​យើងមាន​ជំនាញ​មួយ​ពិត​ប្រាកដ យើង​នឹងមាន​ចំណូលសមស្រប បម្រើ​ដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា​ ជួយកសាង​ប្រទេសជាតិ»។ ​

លោក ហ៊ីង ស៊ីដេត លើកឡើង​បែបនេះ នៅឯ​ពិធី​បិទ​​ការប្រកួតប្រជែង​ជំនាញរបស់​ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ​២០១៩ ដែលសហការរៀបចំដោយ​ក្រុមហ៊ុន អេសស៊ីជី និង​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ វិច្ឆិកា  ដែល​ក្នុង​នោះ ជ័យលាភី លេខ​១, លេខ​២ និង​លេខ​៣ ត្រូវបានប្រកាស​សម្រាប់​មុខជំនាញ​សំណង់​ ៣ប្រភេទផ្សេងៗគ្នា រួមមាន ជំនាញ​ការងារ​បូក, ប្រក់​ដំបូល និង​ស្មាតបត។

បើ​តាម​លោក ហ៊ីង ស៊ីដេត អគ្គនាយក​ TVET នៃ​ក្រសួងការងារ បាន​ឲ្យ​ដឹងថា ជំនាញចំនួន ៥ ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ រួមមាន ផ្នែកសំណង់, ផ្នែករថយន្ត, ផ្នែកអេឡិចត្រូនិក, ផ្នែក​អគ្គិសនី, និង​ផ្នែកកាម្មន្តសាល។ លោក​បន្ថែមផង​ដែរ ថា នៅទូទាំង​ប្រទេស​ បច្ចុប្បន្ន ក្រសួង​ការងារ​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ចំនួន ៣៨​គ្រឹះស្ថាន ក្នុងនោះ ២០គ្រឹះស្ថាន ទទួលបាន ISO ធានាផ្នែកការគ្រប់គ្រង។

ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន នៅក្រោយ​ពេលប្រកាស​លទ្ធផល​ប្រកួត, ជ័យលាភី​លេខ១ លើ​ជំនាញ​ប្រក់​ដំបូល លោក ខាត់ ធុច មកពីខេត្ត​សៀមរាប បាន​អំពាវនាវ​ទៅកាន់​
យុវជនទូទៅថា ធ្វើ​យ៉ាង​ណា ត្រូវចាប់​ជំនាញ​អ្វី​មួយ​ឲ្យ​ច្បាស់លាស់។

លោក ខាត់ ធុច និយាយ​យ៉ាងដូច្នេះ​ថា «ឲ្យ​តែ​ចេះ​ជាង ជាង​អីក៏ដោយ ​ឲ្យតែ​ចេះ​ប្រាកដ។ ខ្ញុំ​រស់ដោយសារ​របរ​ជាងនេះជាង ១៧ឆ្នាំ​​ហើយ … ក្នុង​មួយខែ​ ជាមធ្យម ខ្ញុំ​រកបាន​ចំណេញពី ៥០០ ទៅ ៧០០ដុល្លារ ខែណា​សម្បូរ​ការងារ អាច​ដល់​បាន ១០០០ ឬ ១២០០ដុល្លារ»។​

គួរ​បញ្ជាក់ថា ការ​​ប្រកួតប្រជែង​ជាងសំណង់ប្រចាំឆ្នាំ​លើកទី២នេះ គឺ​ជាផ្នែក​មួយនៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់​ អេសស៊ីជី ដែលមានគោលបំណង​ជួយ​លើកស្ទួយ​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេលវែង ។

អេសស៊ីជី សហការជាមួយក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បានរៀបចំ​ឲ្យមាន​ការប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់​នេះ ចាប់តាំងពីឆ្នាំ​២០១៨មក។

លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រង​ផ្នែកទីផ្សារនិង
ការលក់​របស់ SCG នៅកម្ពុជា ថ្លែង​​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ អេសស៊ីជី បាន​ចូលរួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃវិស័យ​សំណង់​នៅកម្ពុជា ខណៈដែលប្រទេសនេះ​កំពុង​ត្រូវការចាំបាច់​នូវពលកម្ម​ជំនាញ​ច្រើនថែមទៀត ជាពិសេស នៅក្នុង​វិស័យ​សំណង់។

លោក វីរុត បាន​និយាយ​ដូច្នេះថា «អេសស៊ីជី សង្ឃឹមថា កម្មវិធី​នេះ​នឹង​ក្លាយជា​ផ្នែកមួយ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា មិនមែន​តែ​នៅក្នុង​វិស័យ​សំណង់​នោះ​ទេ ប៉ុន្តែ ក៏​រួម​ចំណែក​ដល់​ការលើកកម្ពស់​គុណភាពរស់នៅ​របស់​ម្ចាស់​លំនៅដ្ឋាន និង​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ​ ផងដែរ»៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]